ការជួយសង្រ្គោះ ពេលជ្រូកកើតកូនលំបាក

Share on facebook
Share on linkedin
Share on twitter
Share on email

ប្រសិនបើដំណើរការនៃការកើតកូនរបស់មេជ្រូកប្រព្រឹត្តទៅបានល្អ យើងមិនត្រូវរំខានដល់មេជ្រូកឡើយ ហើយត្រូវទុកឱ្យវាបង្កើតកូនដោយខ្លួនឯង ។ តែប្រសិនបើមានបញ្ហាគួរឱ្យកត់សម្គាល់នេះ ត្រួវជួយមេ និងកូនជ្រូកតាមវិធីសាស្រ្តខាងក្រោម៖

ក. ប្រសិនបើកើតចេញក្បាលមកមុន លោក-អ្នកត្រូវយកចង្អុលដៃថ្ពក់ក្រោមថ្គាម ហើយមេដៃស៊កបញ្ចូលទៅក្នុងមាត់ ហើយទាញចេញថ្នមៗតាមចង្វាក់ខំប្រឹងរបស់មេ

ខ. ប្រសិនបើជើងក្រោយទាំងពីរចេញមកមុន ត្រូវប្រើម្រាមដៃកណ្តាលដាក់ចន្លោះជើងទាំងពីរ ហើយចង្អុលដៃ និងនាងដៃ ដាក់អែបជើងទាំងពីរដោយគៀបទៅម្រាមដៃកណ្តាល ដើម្បីងាយទាញទៅតាមចង្វាក់ខំប្រឹងរបស់មេជ្រូក

គ. ប្រសិនបើក្រោយពីបែកទឹកភ្លោះហើយ នៅតែមិនឃើញកូនកើតចេញមកក្រៅទឿត លោក-អ្នក ត្រូវជួយសង្រ្គោះដោយ ៖
១. លាងសម្អាតយោនី និងតំបន់ជុំវិញដោយប្រើសាប៊ូ ឬល្បាយសូលុស្យុងប៉ូតាស្យូមពែម៉ង់កាណាត
២. កាត់ក្រចកដៃឱ្យខ្លី លាងសម្អាតដៃដោយប្រើសាប៊ូរួចពាក់ស្រោមដៃ ហើយលាបប្រេងរំអិល
៣. ស៊កម្រាមដៃ ឬដៃយឺតៗ ចូលទៅក្នុងយោនី
៤. ស្ទាបរកមើល និងកំណត់ទីតាំងដងខ្លួនរបស់កូនជ្រូក ដូចជាជើង និងក្បាល
៥. ចំពោះស្ថានភាពជើងមុខមកមុន លោក-អ្នកត្រូវស្ទាបក្បាល និងកំភួនជើងមុខ ។ ប្រសិនបើបាត់ជើងមុខមួយ លោក-អ្នកត្រូវស៊កដៃបញ្ចូលទៅទៀត ដើម្បីរកជើងនោះ ។ បន្ទាប់មក ត្រូវទាញជើងមុខនោះ ដោយយឺតៗ ដោយដាក់វាឱ្យស្ថិតនៅក្នុងស្ថានភាពត្រឹមត្រូវ ហើយទាញជើងមុខនេះ ដូចទម្រង់ដែលបានរៀបរាប់ខាងលើ ។ ដូចគ្នានេះដែរ ចំពោះក្បាលបត់ទៅក្រោយ គឺត្រូវបង្វិលក្បាលឱ្យមកទីតាំងធម្មតា ហើយចាប់ទាញជើងមុខទាំងពីរ ។
៦. ប្រសិនបើជើងក្រោយមកមុន នោះត្រូវដាក់ជើងក្រោយទាំងពីរឱ្យស្របគ្នា ។ ដើម្បីកំណត់ថា ជើងក្រោយនោះត្រូវសង្កេតលើបាតជើង គឺមានន័យថា បាតជើងផ្ងារឡើងលើ ។ តែប្រសិនបើជាជើងមុខនោះចុងក្រចកជើងមានទីតាំងនៅលើ ។
៧. ប្រសិនបើដងខ្លួនរមួល នោះចាំបាច់ត្រូវបង្វិលឱ្យវាមកទីតាំងធម្មតាវិញ ហើយទាញកូនជ្រូកដោយថ្នមៗ ។
– លើសពីនេះ ប្រសិនបើកូននោះថ្លោសកើតមិនរួច ត្រូវប្រើថ្នាំ Oxytocine ចាក់ជួយរំញោចស្បូន
– ចំពោះកូនជ្រូកដែលទើបកើតហើយ នោះចាំបាច់ត្រូវជូតសម្អាតស្លេសនៅមាត់ និងច្រមុះ ដោយប្រើក្រណាត់ស្អាត ឬគេអាចបញ្ចេញស្លេសដោយការចាប់ជើងក្រោយរបស់កូនជ្រូកលើកឡើងលើ ហើយយោលវាដោយថ្នមៗ
– ចំពោះទងផ្ចិត ត្រូវចងដោយប្រើអំបោះ ហើយកាត់ចេញដោយប្រើនូវកាំបិត ឬកន្រ្តៃដែលស្អាតគ្មានមេរោគ រួចលាបថ្នាំក្រហម ឬបេតាឌីន ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ – ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧) 

More To Explore