ការថែទាំមេជ្រូកផើម

Share on facebook
Share on linkedin
Share on twitter
Share on email

ការផើម ត្រូវបានបង្ហាញដូចខាងក្រោម ៖
– គ្មានសញ្ញារកឈ្មោលក្រោយបង្កាត់រួចរយៈពេល២១ថ្ងៃ
– ពេលឃើញជ្រូកបានៅតែមានសភាពស្ងៀមស្ងាត់មិនទៅក្បែរ
– ពោះរីកប៉ោងជាបណ្តើរៗ
– កន្សោមដោះទាំងពីរជួរឡើងតឹងជាបណ្តើរៗ
– ស៊ីចំណី និងផឹកទឹកច្រើន ហើយរូបរាងរីកសាយធំធាត់បង្ហាញច្បាស់រយៈពេល២ខែកន្លះ ទៅ៣ខែ ប្រសិនបើយើងយកដៃទៅស្ទាបលើពោះទាំងសងខាង មានអារម្មណ៍ថាកូនក្នុងពោះមានសកម្មភាពបុកដោល ហើយពេលដល់៣ខែ ៣សប្តាហ៍ ៣ថ្ងៃ គឺពេលមេជ្រូកកើតកូន 

ការបំបែកមេផើមឱ្យនៅទ្រុងដោយឡែកដើម្បីឱ្យ ៖
– មេផើមមិនមានការរំខានពីបា ឬមេដទៃទៀត
– ការស៊ីរបស់មេផើមមិនត្រូវបានរំខានដោយសត្វដទៃទៀត
– មេផើមនៅបានស្ងៀមស្ងាត់

ការថែទាំសុខភាពមេផើម ចាំបាច់ត្រូវ ៖
– សម្អាតទ្រុងរួមទាំងកម្រាលឱ្យបានស្អាត
– រក្សាកម្រាលទ្រុងឱ្យនៅក្នុងស្ថានភាពល្អ ចៀសវាងកុំឱ្យមានសភាពរអិល ឬក្រហូង ដែលជាហេតុធ្វើឱ្យមេរអិលដួល ឬគ្រិចជើង
– ចៀសវាងកុំឱ្យជ្រូកធាត់ពេក ដែលជាហេតុធ្វើឱ្យកូនថ្លោសពិបាកកើត និងមិនសូវសំបូរទឹកដោះ
– ចៀសវាងកុំឱ្យមេជ្រូកស្គមពេក ជាហេតុធ្វើឱ្យកូនកើតមកខ្សោយ សុខភាពមិនសូវល្អ ឬជួនកាលកូនអាចស្លាប់ក្នុងពោះ ដោយសារមេគ្មានកម្លាំងក្នុងការបង្កើតកូន 

ការផ្តល់ចំណីដល់មេផើម ៖
– មិនត្រូវឱ្យមេផើមស៊ីដោយសេរីឡើយ ។ ចំពោះចំណីផ្សំត្រូវឱ្យស៊ី ២-៣ គីឡូក្រាម ក្នុងមួយថ្ងៃ ដោយឱ្យស៊ីពេលព្រឹកពាក់កណ្តាល និងល្ងាចពាក់កណ្តាល
– ចំណីត្រូវមានជីវជាតិគ្រប់គ្រាន់ ដើម្បីឱ្យមេអាចចិញ្ចឹមសារពាង្គកាយរបស់វាផង និងកូនក្នុងពោះផង ជាពិសេសសារធាតុរ៉ែ និងវីតាមីន
– ត្រូវផ្តល់បន្ថែមនូវបន្លែស្រស់ ដើម្បីការពារកុំឱ្យទល់លាមក ដែលជាហេតុនាំឱ្យប៉ះពាល់ដល់កូនក្នុងពោះ
– ត្រូវផ្តល់ទឹកស្អាតដល់មេជ្រូករៀងរាល់ថ្ងៃពី ៦-៨លីត្រ 

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ – ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧) 

More To Explore