ការ​រឹតត្បិត​ការនាំ​ចូល​ជ្រូក​មិនមែន​ជា​មូលហេតុ​ធ្វើឲ្យ​សាច់ជ្រូក​ឡើងថ្លៃ​ទេ

Share on facebook
Share on linkedin
Share on twitter
Share on email

ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បញ្ជាក់​នៅ​ថ្ងៃ​ទី​៩​ខែមិថុនា ថា ក្នុង​រយៈពេល​ជាង​៥​ខែ នៃ​ឆ្នាំ​២០២០​នេះ តម្លៃ​ជ្រូករ​ស់មាន​ចន្លោះ​ពី​១១,០០០​រៀល ទៅ​១២,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ប៉ុន្តែ​តម្លៃ​ជ្រូក ទើប​តែ​កើនឡើង​ក្នុង​រយៈពេល​២ ទៅ​៣​ថ្ងៃនេះ ក្នុង​មួយ​គីឡូក្រាម​កើន​ដល់​ចំនួន​១៤,២០០​រៀល ហើយ​ការកើនឡើង​នេះ​ទៀតសោត មាននៅ​តាម​កន្លែង​មួយ​ចំនួន​ប៉ុណ្ណោះ​។​

​រីឯ​ការលក់​សាច់ជ្រូក​នៅលើ​ទីផ្សារ​ថ្លៃ​ចន្លោះ​ពី​១៨, ០០០ ទៅ ២២, ០០០​រៀល​ក្នុង​មួយ​គីឡូក្រាម គឺ​ដោយសារ​ក្នុងដំណាក់កាល​ផ្ទុះ​ជំងឺ​កូវី​ដ​១៩​។ ក្រសួង​ពន្យល់ថា ស្ថិត​ក្នុង​ដំណាក់កាល​កូវី​ដ​-១៩ កម្មវិធី​ជួបជុំ​ធំៗ និង​ពិធី​ផ្សេងៗ​មិន​ត្រូវបាន​រៀបចំ ហើយ​ភោជនីយដ្ឋាន​នានា​មិន​ដំណើរការ ធ្វើឲ្យ​អាជីវករ​លក់​តែ​សាច់ជ្រូក​សុទ្ធ​នៅលើ​ទីផ្សារ ចំណែកឯ​ឆ្អឹង ជើង និង​គ្រឿងក្នុង មិន​ត្រូវបាន​ប្រើប្រាស់​ឲ្យអស់​លទ្ធភាព​ឡើយ​។ ដូច្នេះ តម្លៃ​ដែល​អាជីវករ​អាច​លក់​រក​ប្រាក់ចំណេញ​បាន គឺ​ត្រូវ​បូក​បញ្ចូល​ថ្លៃ​ទាំងអស់​មក​លើ​សាច់​តែម្ដង​។ 

​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​បានបញ្ជាក់​ថា ការគ្រប់គ្រង​ការ​នាំចូល​ជ្រូក​រស់ ពី​បរទេស​មក​ផ្គង់​ផ្គង់​ទីផ្សារ​កម្ពុជា មិន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ឡើយ ផ្ទុយទៅវិញ​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ជំរុញ​និង​លើកទឹកចិត្ត​សមាជិកសមាគម ក៏​ដូច​ជា​កសិករ ឲ្យ​ពង្រី​កកសិដ្ឋាន​ចិញ្ចឹមសត្វ និង​ការចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​។ ជាក់ស្តែង​រយៈពេល​៥​ខែ​ដើមឆ្នាំ ២០២០​នេះ អគ្គនាយកដ្ឋាន​ទទួលបាន​ការស្នើសុំ​បង្កើត​កសិដ្ឋាន​២៣​កន្លែង (​ខ្នាត​ធំ​៧​កន្លែង ខ្នាត​មធ្យម​២​កន្លែង និង​ខ្នាត​តូច ១៤​កន្លែង​) បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ពេញ​មួយឆ្នាំ​ទទួលបាន​ការស្នើ​សុំ​បង្កើត ក៏សិដ្ឋាន​តែ​ចំនួន​១០​កន្លែង​ប៉ុណ្ណោះ​។​

​រីឯ​ការនាំ​ចូល​មេ​ជ្រូក​ពូជ​មាន​ចំនួន​១៤,០០០​ក្បាល ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០២០ ដែល​មាន​ការកើនឡើង​ខ្ពស់​បើ​ធៀប​នឹង​ឆ្នាំ​២០១៩ គឺ​ការ​នាំចូល​មាន​ត្រឹម ៧,៨៤០​ក្បាល និង​កូនជ្រូក​ពូជ នាំចូល​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០២០ មាន​ចំនួន ៨៨,៨៧០​ក្បាល​នាំចូល​រយៈពេល​៥​ខែ​ដើម ឆ្នាំ​២០១៩ ហើយ​ការ​នាំចូល ដើម្បី​បំពេញ​តម្រូវការ ក្នុង​ប្រទេស​សម្រាប់​រយៈ​ពេញ​មួយឆ្នាំ​២០១៩ មាន​ចំនួន​ត្រឹមតែ ២២,១៨៥​ក្បាល​ប៉ុណ្ណោះ​។​

​លទ្ធភាព​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក តាមរយៈ​ការចិញ្ចឹម​តាម​កសិដ្ឋាន និង​តាម​គ្រួសារ​ក្នុង​ឆ្នាំ​២០២០ មាន​ចំនួន ៥,៨០០​ក្បាល​ក្នុង​ថ្ងៃ និង​មាន​ការ​នាំចូល​បំពេញបន្ថែម​ចន្លោះ​ពី​ចំនួន ២,៣៥០​ក្បាល ទៅ ៤,៤០០​ក្បាល​ក្នុង​មួយថ្ងៃ ទៅតាម​តម្រូវការ​តិច​ឬ​ច្រើន​។ ការផ្តល់​គោលការណ៍​នាំចូល​នាពេល​បច្ចុប្បន្ន​នេះ​មាន​ចំនួន​៦៣០ ក្បាល​ក្នុង​មួយថ្ងៃ គឺ​បាន​នាំចូល​លើសពី​តម្រូវការ​ជាក់ស្តែង​ចំនួន ១,៩០០​ក្បាល​ក្នុង​មួយថ្ងៃ សម្រាប់​តម្រូវការ​ខ្ពស់​។ ដូច្នេះ​មិន​មាន​ហេតុ ផល​ណា​ដែលថា ការ​រឹតត្បិត​ដោយ​ការកាត់បន្ថយ​ចំនួន និង​ការបញ្ចប់​គោលការណ៍​នាំចូល​ក្រុមហ៊ុន​មួយ​ដែល​អនុវត្ត​ខុសច្បាប់ ដើម្បី​នាំ​ចូល​ជ្រូក​រស់​ពី​ក្រៅ​ប្រទេស​មក​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា ធ្វើ​ឲ្យ​ថ្លៃ​សាច់ជ្រូក លើ​ទីផ្សារ​ឡើងថ្លៃ​នោះទេ​។​

​ការពន្យល់​របស់​ក្រសួង​កសិកម្ម​ធ្វើ​ឡើង ដើម្បី​ឆ្លើយតប​នឹង​សមាគម​ផ្គត់ផ្គង់​ជ្រូ​កម្ពុជា ដែល​បាន​រៀបចំ​អង្គប្រជុំ​ពិភាក្សា​លើ​ប្រធានបទ ជ្រូក​ឡើងថ្លៃ​ខុស​ប្រក្រតី នៅ​ថ្ងៃ​ទី​៨​មិថុនា​។ នៅក្នុង​អង្គប្រជុំ​មាន​ការចូលរួម​ពី​អាជីវករ​លក់​សាច់​ជ្រូក​មួយចំនួន​ផង​នោះ បាន​ជែក​វែកញែក​លើ​បញ្ហា​ជ្រូក​ឡើងថ្លៃ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​អាជីវករ​លក់​សាច់​ជ្រូក​។ ជាថ្មី​ម្តងទៀត សមាគម​ផ្គត់ផ្គង់​ជ្រូក​កម្ពុជា សំណូមពរ ឲ្យ​ក្រសួង​បំបែក​ការប្រមូលផ្តុំ និង​ត្រូតពិនិត្យ​ឡើងវិញ​នូវ​ក្រុមហ៊ុន​នី​មួយៗ កុំ​ឲ្យ​លក់​អាជ្ញាប័ណ្ណ​ទៅ​ឲ្យ​មនុស្ស​ម្នាក់ យក​មក​កាន់កាប់ ដើម្បី​ឲ្យមាន​ការប្រកួត​ប្រជែង​ទីផ្សារសេរី​។ 

​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​បញ្ជាក់ថា រហូតមកដល់​បច្ចុប្បន្ន​នេះ អគ្គនាយកដ្ឋាន​ពុំ​ដែល​អនុញ្ញាត​ផ្តល់​គោលការណ៍​នាំចូល​ជ្រូក​រស់​ឲ្យ​ក្រុមហ៊ុន​ណា​មួយ ឬ​ផ្តាច់មុខ​នោះទេ​។ ហើយ​អគ្គនាយកដ្ឋាន​បន្ត​ជំរុញ និង​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​បង្កើន​ការចិញ្ចឹម​ជ្រូក ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បន្ថែមទៀត រហូត​ដល់​កាត់បន្ថយ​ការនាំ​ចូល​ជ្រូករ​ស់មក​ត្រឹម​កម្រិត​អប្ប​បរិ​មា​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ប្រភព: https://vayofm.com/news/detail/102824-975782844.html

More To Explore