បទពិសោធន៍ល្អគួរតែអនុវត្តន៏តាម​ ! បច្ចេកទេស​ចិញ្ចឹម​ជ្រូក​មេចំណាយតិច ចំណេញច្រើន​

Share on facebook
Share on linkedin
Share on twitter
Share on email

លោកពូ អៀម រី​ម ជា​ពេទ្យសត្វ​ម្នាក់​រស់នៅ​ភូមិ​ឃ្ជាយ​ខាងត្បូង ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្ត​កំពត មានបទពិសោធន៍​ចិញ្ចឹម​ជ្រូក​មេ ព្រមទាំង​ចេះ​ព្យាបាល​ថែមទៀត​ផង ។ បទពិសោធន៍​នេះ គាត់​ចេះ​ពី​ការរៀនសូត្រ​ផ្នែក​ពេទ្យសត្វ និង​ដោយ​មាន​ការ​រួមផ្សំ​ពី​ការមើល​ឯកសារ​តាមរយៈ​ទស្សនា​វ​ដ្តី​កសិក​ររបស់​អង្គការ​សេ​ដាក ។ បច្ចុប្បន្ន​លោក​ពូចិញ្ចឹម​មេ​ជ្រូក ១ ក្បាល និង​ជ្រូក​សាច់ ៥ ក្បាល ។

ខាងក្រោម​នេះ​ជា​បទពិសោធន៍​របស់​គាត់​ក្នុង​ការចិញ្ចឹម​ជ្រូក​មេ ។
ទិដ្ឋភាព​នៃ​ការផ្តល់​ចំណី​ជ្រូក
១. ​របៀប​ជ្រើសរើស​ពូជ​ជ្រូក
​​ពូជ​ជ្រូក​ដែល​លោកពូ​ទិញមកជា​ពូជ​ជ្រូក មេ​ថៃ ដោយ​ទិញ​ម​កពី​ភូមិ​ជិតខាង គឺ​ភូមិ​ធំ​ថ្មី ។ ក្នុង​ការទិញ​នេះ​គាត់​ជ្រើសរើស​យក​ជ្រូក​ញី​ដែល មាន​លក្ខណៈ​ដូច​ខាងក្រោម​:
​ – សុខភាព​ល្អ​
​ – ជើង​មាំ និង​ខ្ពស់​ល្មម​
​ – មាន​ដោះ​ច្រើន និង​មិន​ខ្វាក់​
​ – ខ្នង​មាំ រាង​កោង ស្មា​ទូលាយ​
​ ​លក្ខណៈពិសេស​របស់​ជ្រូក​នេះ គឺ​មាន​ត្រចៀក​ធំ និង​ចិញ្ចឹម​បាន​ឆាប់​ធំ ។​ ​

២.​ ទ្រុង​
​កន្លែង​សង់​ទ្រុង គឺ​នៅ​ជាយ​ភូមិ​ចំងាយ​ពី​ផ្ទះ​ប្រហែល ១៥ ម៉ែត្រ ហើយ​មាន​ដំបូល​ប្រក់​ស្លឹក របង​ឈើ និង​មាន​ចាក់សាប បាត​ទ្រុងមាន​រាង​ទេរ ដើម្បី​ងាយ​សំអាត​ទ្រុង ។ ទ្រុង​ជ្រូក​មាន​បណ្តោយ ៦ ម៉ែត្រ និង​ទទឹង ៣ ម៉ែត្រ ហើយ​ខ័ណ្ឌ​ជា ២ ផ្នែក ដែល​មួយ​ផ្នែក​សម្រាប់​ដាក់​មេ​ជ្រូក និង​មួយទៀត​សម្រាប់​ដាក់​ជ្រូក​សាច់ ។ ក្រៅពី​ទ្រុង​ចិញ្ចឹម​ជ្រូក គាត់​បាន​ធ្វើ​ទ្រុង​ដើម្បីទុក​ដាក់​លាមក​សន្សំ​ធ្វើ​ជី​ដាក់​ដំណាំ​។​
៣.​ ចំណី​និង​ទឹក​
​ចំពោះ​ការ​ផ្សំ​ចំណី​គឺ​គាត់​បាយ​លាយ​ជាមួយ​កន្ទក់ និង​មាន​ដាក់​ត្រកួន​ឲ្យ​ស៊ី​ផងដែរ ។ ចំពោះ​ទឹក​គឺ ផ្តល់​ទឹក​អណ្តូង​ឲ្យ​ផឹក ព្រោះ​គាត់​មិន​មាន​ទឹកស្រះ ឬត្រពាំង ប៉ុន្តែ​ជ្រូក​របស់​គាត់​មិន​មាន​បញ្ហា​អ្វី​ឡើយ ។
៤. ​ការថែទាំ​
​ ​ចំពោះ​ការថែទាំ គាត់​មាន​ការយកចិត្តទុកដាក់​ខ្លាំងណាស់ ពេល​ដែល​មេ​ជ្រូក​មាន​ផ្ទៃពោះ​ព្រោះ​មេ​ជ្រូក​ដែល​ផើម​តែងតែ​ជួបប្រទះ​ការ​ដង្ហក់ ។ គាត់​បាន​ថែទាំ​ដូចជា
​ – ស្រោច​ទឹក​លើ​ខ្លួន​វា​ឲ្យបាន​ច្រើន និង​ដាក់​ទឹក​ឲ្យ​វា​ផឹក​ឲ្យបាន​ច្រើន​
​ – ឲ្យ​ស៊ី​បន្លែ​ត្រកួន​ដើម្បី​ប៉ូវ​ជ្រូក​ឲ្យ​ឆាប់​ធំធាត់​
​ – ដុសលាង​សម្អាត​ទ្រុង​ជាប្រចាំ ១ ថ្ងៃ ៣ ដង​
​ – ឲ្យ​ស៊ី​ចំណី​ឲ្យបាន​ទៀងទាត់ ។
៥. ការវិភាគ​ចំណូល​ចំណាយ​
​​ក្នុង​ការចិញ្ចឹម​ជ្រូក​រយៈពេល ៧ ខែ គាត់​បាន​ចំណាយ​ទៅលើ​ការចាក់​វាក់​សាំង ​សាងសង់​ទ្រុង ៘ សរុប​ចំណាយ​អស់ ៥០ ម៉ឺន​រៀល ។ រីឯ​ចំណូល​សរុប ៣០០០ ០០០ រៀល ។ ដូច្នេះ​គាត់​ទទួលបាន​ប្រាក់​ចំណេញ​សុទ្ធ ២ ៥០០ ០០០ លាន​រៀល។

៦.​ ចំណាប់អារម្មណ៍​
​​បន្ទាប់ពី​បាន​កែលំអ​នូវ​បច្ចេកទេស​ចិញ្ចឹម​ជ្រូក​តាម​កសិករ​ផ្សេងៗ​មក លោកពូ​មាន​ចំណាប់​អារម្មណ៍​ថា ការចិញ្ចឹម​ជ្រូក​ទទួលបាន​ប្រាក់​ចំណូល​ច្រើន​បើ​យើង​ចេះ​ជ្រើសរើស​ពូជ​មក​ចិញ្ចឹម​បានល្អ ហើយ​ជាពិសេស ការថែទាំ​អនាម័យ និង​ផ្តល់​ចំណី​ចំរុះ​មាន​លាយ​បន្លែ​បៃតង​ផង នោះ​ធ្វើឲ្យ​ជ្រូក​ឆាប់​ធំធាត់ និង​មិន​ងាប់ ។​
​ ​សរុបមក បច្ចេកទេស​ចិញ្ចឹម​សំខាន់ៗ​មាន ​:
​ – ជ្រើសរើស​ពូជ​ចិ​ញ្ចឹម​ឲ្យបាន​ល្អ
​ – សង់​ទ្រុង ប្រក់​ដំបូល និង​ចាក់សាប ដើម្បី​ឲ្យ​ជ្រូក​រស់នៅ​ស្រួល និង​មាន​អនាម័យ​
​ – លាយ​ចំណី​ចំរុះ​មាន កន្ទក់ បាយ និង​បន្លែស្រស់​ដាក់​ឲ្យ​ជ្រូក​ស៊ី ផ្តល់​ទឹក​ផឹក​ឲ្យបាន​ទៀងទាត់
​ – ថែទាំ​ធ្វើ​អនាម័យ​ជ្រូក និង​ទ្រុង​រាល់ថ្ងៃ ៕

ប្រភព៖​ ភូមិកសិកម្ម

More To Explore