ការជ្រើសរើសពូជជ្រូក

ដើម្បីចិញ្ចឹមពូជជ្រូកមាន៣ប្រភេទគឺ ពូជក្នុងស្រុក ពូជនាំចូល និងពូជកូនកាត់ ។ គេអាចជ្រើសរើសពូជណាមួយមកចិញ្ចឹមអាស្រ័យតាមការនិយម ។-ពូជនៅក្នុងស្រុក៖-ពូជជ្រូកក្នុងស្រុកមានជ្រូកកណ្តុរ ជ្រូកកំពត និងជ្រូកដំរី ។ ជាពូជងាយស្រួលចិញ្ចឹម ធន់នឹងអាកាសធាតុ ជំងឺ និងមិនរើសចំណី តែពួកវាមានមាឌតូច និងលូតធំធាត់យឺត ។-ពូជជ្រូកនាំចូល៖-ពូជជ្រូកនាំចូលមាន ជ្រូកយ៉កសៀរ ជ្រូកហាំសៀរ ជ្រូកឌុយរ៉ុក ជ្រូកប៉ឺកសៀរ និងជ្រូកឡែនដ្រែសជាពូជចិញ្ចឹមឆាប់ធំលូតលាស់ និងឆាប់បានលក់ តែពួកវារើសចំណីបន្តិច ។-ពូជជ្រូកកូនកាត់៖-ពូជកូនកាត់ជាពូជបង្កាត់រវាងបានាំចូលជាមួយមេក្នុងស្រុក ។គួរជ្រើសរើសជ្រូកកូនកាត់យកមកចិញ្ចឹម ព្រោះពូជនេះធន់នឹង អាកាសធាតុក្នុងស្រុក ។ជាពូជពិសេស ព្រោះរូបរាងខ្លួន និងការលូតលាស់កាត់ទៅរកបា រីឯការធន់នឹងជំងឺ និងការមិនរើសចំណីកាត់ទៅរកមេ ។ តើត្រូវជ្រើសរើសកូនជ្រូកដូចម្តេច ? -រើសកូនជ្រូកណាដែលកើតចេញពីមេបា ដែលមានសុខភាពល្អ និងមានប្រភពច្បាស់លាស់ ។ -រើសកូនជ្រូកណាដែលមានជើងមាំ ប្រអប់ជើងធំៗ ត្រគាកសាយ ស្មាទូលាយ កវែងបន្តិចនិងមានដងខ្លួនវែង ។ -រើសកូនជ្រូកដែលមានទំងន់ចាប់បី ៥ ទៅ ៧ គីឡូ និងមានអាយុចាប់ពី ៤៥ ថ្ងៃឡើងហើយចេះស៊ីចំណី ។

លក្ខណៈទូទៅនៃពូជជ្រូកកំពត

ពូជជ្រូកកំពត ជាប្រភេទពូជក្នុងស្រុក ។ ពូជជ្រូកនេះ គេពុំទាន់បានដឹងពីប្រភពពិតប្រាកដរបស់វានៅឡើយទេ ប៉ុន្តែយោងទៅលើឈ្មោះរបស់វា វាហាក់ដូចជាមានដើមកំណើតក្នុងខេត្តកំពត នៃប្រទេសកម្ពុជា ។ ជាទូទៅ គេសង្កេតឃើញថា ពូជជ្រូកកំពតនេះ មាននៅតាមខេត្តជាប់ព្រំប្រទល់ប្រទេសវៀតណាម ដូចជាខេត្តតាកែវ កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ជាដើម ។ លក្ខណៈរូបរាងខាងក្រៅ៖ មានច្រមុះវែង ខ្នងអែន សំបុកពោះធំធ្លាក់ក្រចកជើងខាងក្រោយទាំងពីរប៉ះដី រោមខ្លី ហើយច្រើនមានសំបុរខ្មៅ ជាពូជសាយកូន (ផ្តល់កូនច្រើនក្នុងមួយសារៗ) ។ សមត្ថភាពផលិតកម្ម៖– ទម្ងន់៦០គីឡូក្រាម នៅពេលមានអាយុពី ៨-៩ខែ ហើយមានទម្ងន់១០០គីឡូក្រាម ក្នុងអាយុពី១៣-១៦ខែ ។– មេជ្រូកកំពត ជាមេសាយកូន និងជាមេល្អ ព្រោះវាពូកែខាងចិញ្ចឹម និងថែកូន ។– កូនក្នុងមួយសំបុកៗ មានចំនួនពី១០ – ១២ក្បាល ។ (រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ – ការជ្រើសរើសពូជ របស់អង្គការ […]

លក្ខណៈទូទៅនៃពូជជ្រូកកណ្តុរ

ជ្រូកពូជនេះ ជាប្រភេទពូជក្នុងស្រុក និងជាពូជអាស៊ីសុទ្ធសាធ ។  លក្ខណៈរូបរាងខាងក្រៅ៖ ជាពូជដែលមានក្បាលស្រួចដូចក្បាលកណ្តុរ មានច្រមុះត្រង់ ត្រចៀកត្រង់តូចបញ្ឈររាងស្រួច ខ្លួនខ្លីក្រាស់ ខ្នងអែន ពោះកិតដី មិនសូវមានរោម សំបុរប្រែប្រួលពីខ្មៅប្រផេះ ។ សមត្ថភាពផលិតកម្ម៖– ជាពូជដែលមានការលូតលាស់យឺត តែធន់នឹងជំងឺ– មានទម្ងន់៦០គីឡូក្រាម ក្នុងអាយុ១២ខែ– មេជ្រូកអាចបង្កាត់បាននៅអាយុ១០ខែ– រយៈពេលផើមជាមធ្យម១១៣ថ្ងៃ– អាចផ្តល់កូនច្រើនក្នុងមួយសារៗ តែតូចៗ ហើយជាមធ្យមមាន១៤ក្បាល តែពេលខ្លះអាចមានដល់២៤ក្បាល ។ (រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ – ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧) 

លក្ខណៈទូទៅនៃពូជជ្រូកដំរី

ពូជជ្រូកដំរី ជាប្រភេទពូជក្នុងស្រុក ។ វាមានប្រភពមកពីឥណ្ឌូចិន និងប្រទេសចិន ។ ពូជនេះជាពូជដែលមានចំណាស់ជាងគេ ក្នុងចំណោមពូជជ្រូកនៅកម្ពុជា ។ គេឱ្យឈ្មោះវាថា ជាជ្រូកដំរី ព្រោះវាមានស្បែកជ្រីវជ្រួញនៅម្តុំភ្នែក មានស្លឹកត្រចៀកធំ និងមានដំណើរដូចដំណើរដំរី ។ បច្ចុប្បន្នពូជនេះ ស្ទើរតែផុតពូជទៅហើយ ។ លក្ខណៈរូបរាងខាងក្រៅ៖ ជាពូជជ្រូកដែលមានរូបរាងភិនភាគដូចដំរី ខ្ទង់ច្រមុះផតខ្លាំង ច្រមុះត្រង់ហើយខ្លី ត្រចៀកធំ ក្បាលធំទូលាយ ថ្ងាសប៉ោងបន្តិច ខ្លួនធំក្រាស់ តែមិនសូវមានរោមទេ និងមានរោមតិចៗនៅពោះ និងកៀនភ្លៅ ខ្នងអែន ពោះធំប៉ោង ជើងខ្លីហើយធំ ។ ផលិតភាពផលិតកម្ម៖– ទម្ងន់៦០គីឡូក្រាម នៅពេលមានអាយុពី ៧-៨ខែ– មេជ្រូកផ្តល់កូនក្នុងមួយសំបុកៗ មានពី៨-១០ក្បាល ហើយជួនកាលអាចមានដល់១២-១៥ក្បាល– ប្រជាកសិករច្រើនក្រៀវវាក្នុងអាយុ២ខែ ដើម្បីចិញ្ចឹមយកសាច់ ។ (រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ – ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧) 

លក្ខណៈរបស់ជ្រូកដែលគួរតែចិញ្ចឹម

គោលដៅសំខាន់នៃការចិញ្ចឹមជ្រូក គឺការបញ្ជូនជ្រូកដែលត្រូវត្រៀមទុកទៅកាន់ទីផ្សារ នៅពេលដែលជ្រូកមានទម្ងន់សមស្រប និងមានប្រាក់ចំណេញខ្ពស់ដល់អ្នកចិញ្ចឹម ។ ដូច្នេះ លក្ខណៈរបស់ជ្រូកដែលយើងសង្ឃឹមទុក គឺសំដៅដល់លក្ខណៈដែលត្រឹមត្រូវទៅនឹងសេចក្តីត្រូវការរបស់ទីផ្សារ ហើយយើងនឹងធ្វើការកំណត់ដូចខាងក្រោម ៖ – មានអត្រានៃការរីកចម្រើនធំធាត់ល្អ (១០០គីឡូក្រាម ក្នុង៦ខែ)– មានអត្រានៃការប្តូរអាហារជាសាច់បានល្អ ឬអាចថាប្រើអាហារតិច តែកើនទម្ងន់បានច្រើន ដែលជាទូទៅ គួរនឹងស៊ីអាហារត្រឹមតែ ២,៧ – ៣គីឡូក្រាម គឺជ្រូកមានទម្ងន់ជ្រូកបាន១គីឡូក្រាម – មានខ្លាញ់តិចពេលធំពេញវ័យ ហើយមានខ្លាញ់ក្រោមស្បែកកម្រាស់មិនលើស២,៥សង់ទីម៉ែត្រ– មានសាច់ក្រហមច្រើន– មានគ្រោងឆ្អឹងធំ ដងខ្លួនវែង ជើងមុខ-ក្រោយមានសាច់ដុំច្រើន– មានសុខភាពបរិបូរណ៍ ឱ្យកូនមួយលើកៗបានច្រើន និងមានកូនសល់ (រួចផុតពីស្លាប់ពេលផ្តាច់ដោះ) ចំនួនច្រើន ពោលគឺអត្រាស្លាប់ក្រោយការផ្តាច់ដោះ មានកម្រិតទាបបំផុត – ធន់នឹងមជ្ឈដ្ឋានខាងក្រៅបានល្អ ៕ (រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ – ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧) 

គោលការណ៍បង្កាត់ពូជជ្រូក

គោលដៅសំខាន់ក្នុងការបង្កាត់ពូជជ្រូក គឺដើម្បីឱ្យបានកូនជ្រូកមានសុខភាពល្អ អត្រានៃការស្លាប់ក្រោយពីការផ្តាច់ដោះ មានចំនួនតិចបំផុត កូនជ្រូកគ្រប់ក្បាលមានការធំធាត់លឿន ។ មេជ្រូករកឈ្មោលក្រោយពីសម្រាលកូនរួចឆាប់រហ័ស និងអាចបង្កាត់ជាប់បានល្អ ព្រមទាំងឱ្យកូនច្រើនជាងជ្រូកដទៃៗទៀត ដែលរៀបចំការបង្កាត់ពូជមិនល្អ ។ ដើម្បីឱ្យការបង្កាត់ពូជជ្រូកទទួលបានលទ្ធផលល្អ និងបានកូនច្រើនក្នុងមួយលើកៗ ត្រូវអនុវត្តដូចជា ៖– ចិញ្ចឹមជ្រូកពូជ (បាពូជ និងមេពូជ) ឱ្យនៅក្នុងសភាពជ្រូកមានសុខភាពល្អ មុនបង្កាត់ ។– កុំបណ្តោយឱ្យមេ -បាជ្រូក ធាត់ពេក ឬស្គមពេក ។– កុំបង្កាត់បាពូជជាមួយនឹងមេពូជដែលជាបងប្អូន ឬក៏ខ្សែស្រឡាយជាមួយគ្នា (ជាន់ឈាម) ។– ត្រូវចិញ្ចឹមមេពូជ និងបានពូជស្ថិតនៅក្នុងទ្រុងដែលមានអាកាសធាតុត្រជាក់ និងមានខ្យល់ចេញចូលបានល្អ ។– ទ្រុងចិញ្ចឹមជ្រូកគួរមានទីលានសម្រាប់ឱ្យជ្រូកដើរ ឬចិញ្ចឹមបាពូជក្នុងវាលស្មៅ ។– គួរបង្កាត់ជ្រូកក្រមុំនៅពេលដែលវារកឈ្មោលលើកទី២ ដើម្បីឱ្យរាងកាយវាមានសមត្ថភាពរីកធំធាត់ពេញលក្ខណៈ និងមានសភាពមាំទាំល្អ ។– ការបង្កាត់ពូជ គួរតែធ្វើក្រោយពីមេជ្រូករកឈ្មោលរយៈពេល ៦-១២ ម៉ោង និងបង្កាត់ម្តងនៅថ្ងៃបន្ទាប់ ដើម្បីធ្វើឱ្យប្រាកដថា បង្កាត់ទទួលបានជោគជ័យ ។– ក្រោយពីធ្វើការបង្កាត់ ត្រូវបំបែកមេជ្រូកទៅចិញ្ចឹមទ្រុងផ្សេង និងឱ្យអាហារឱ្យបានត្រឹមត្រូវ ។– មេជ្រូកដេលបង្កាត់ច្រើនដង ហើយមិនមានកូន […]

ពេលវេលាសម្រាប់បង្កាត់ពូជជ្រូក

ការបំបែកជ្រូកញីមេពូជក្រមុំចេញពីហ្វូង គឺធ្វើឡើងនៅពេលដែលវាមានអាយុ៥ខែ ព្រោះក្នុងវ័យនេះ គឺជាវ័យដែលពួកវាអាចបង្កាត់ពូជបាន ។ ដើម្បីឱ្យទទួលបានកូនក្នុងមួយសំបុកច្រើននោះ គេត្រូវធ្វើការបង្កាត់មេនៅអាយុ៨ខែ ឬក្នុងពេលរកឈ្មោលលើកទីៗ ។ ជាធម្មតាខួបរកឈ្មោលរបស់មេជ្រូក គឺរៀងរាល់ ១៩ – ២១ ថ្ងៃម្តង ។ នៅពេលជ្រូកមេរកឈ្មោល វាបញ្ចេញលក្ខណៈសម្គាល់មួយចំនួនដូចជា ៖ – ប្រដាប់បន្តពូជឡើងរីកប៉ោង ពណ៌ក្រហម និងនោមញឹក – មានទឹកថ្លាហូរចេញពីប្រដាប់បន្តពូជ – ជ្រូកនៅមិនស្ងៀម បាត់បង់ការឃ្លានចំណី – ជ្រូកមេឡើងពាក់ជ្រូកដទៃទៀតដែលនៅជិតវា – ជ្រូកមេនៅស្ងៀមពេលយើងយកដៃសង្កត់ខ្នងវា ដែលជាពេលវេលាសមស្របត្រូវបង្កាត់ – ជ្រូកមេបង្ហាញលក្ខណៈរកឈ្មោលក្នុងរយៈពេលពី ៣-៤ថ្ងៃ ប៉ុន្តែមានរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដែលអាចមានកូន ។ (រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ – ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧)

រយៈពេលជ្រូកកើតកូនក្នុងមួយឆ្នាំ

ជាទូទៅ មេជ្រូកកើតកូន ១,៨ដងក្នុងមួយឆ្នាំ ។ ចំពោះមេជ្រូកកូនកាត់និងមេពូជនាំចូលត្រូវជម្នះឱ្យបាន២ដងក្នុងមួយឆ្នាំ ។ រយៈពេលកើតកូនមួយដងមានដូចខាងក្រោម ៖ រយៈពេលផើម១១៤ថ្ងៃ ឬ១១២-១១៦ថ្ងៃ ឬ៣ខែ៣សប្តាហ៍៣ថ្ងៃ ។ រយៈពេលបំបៅកូន ៥៥ថ្ងៃ (៥០-៦០ថ្ងៃ) ។ រយៈពេលរង់ចាំដាក់ឈ្មោលក្រោយពេលផ្តាច់ដោះ ៧ថ្ងៃ (៥-៧ថ្ងៃ) ។ សរុប៖ ១៧៦xថ្ងៃ២ដង=៣៥២ថ្ងៃ ។ ដូចនេះ ដើម្បីឱ្យសម្រេចបាននូវលទ្ធផលក្នុងមួយឆ្នាំមេបង្កើតកូនបាន២ដង យើងត្រូវ៖ ត្រូវបង្កាត់កូនជ្រូកឱ្យចេះស៊ីចំណីឱ្យបានឆាប់រហ័សនិងផ្តាច់ដោះឱ្យបាននៅអាយុ៤៥ថ្ងៃ ។ គប្បីយកចិត្តទុកដាក់ ដល់ពេលវេលាក្រោយពេលផ្តាច់ដោះកូនពី ៥-៧ថ្ងៃព្រោះវាជាពេលវេលាដែលមេជ្រូករកឈ្មោលឡើងវិញហើយត្រូវបង្កាត់វាឱ្យទាន់ពេល បើមិនដូច្នោះទេគេនឹងត្រូវចំណាយពេលអស់ពី ១៨-២១ថ្ងៃទៀត (មួយវដ្តរកឈ្មោល) ។ (រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ –ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧)

ស្ថានភាពកើតរបស់កូនជ្រូក

ស្ថានភាពធម្មតា ៖ ដោយជើងមុខមកមុន រួមជាមួយនឹងក្បាលមកស្របជាមួយ ជើងក្រោយទាំងមកមុន ស្ថានភាពមិនធម្មតា ៖ បន្ទាប់ពីបែកទឹកភ្លោះពី ៣-៦ម៉ោង ហើយនៅតែមិនទាន់ឃើញកូនកើតចេញមកទៀត ជើងមុខមួយបត់ទៅក្រោយ ក្បាលបត់ទៅក្រោយ ស្ថានភាពផ្ងារពោះ ស្ថានភាពលំបាក ចំពោះការកើតកូននៅពេលកូនក្នុងពោះមានលក្ខណៈមិនធម្មតា។ ដូចនេះ ចាំបាច់យើងត្រូវឃ្លាំមើល (មើលពីចម្ងាយ) មេជ្រូក គ្រប់ពេល។ នៅពេលដែលមេជ្រូកបង្ហាញនូវសញ្ញានៃការពិបាកកើតកូនណាមួយត្រូវជួយសង្រ្គោះជាបន្ទាន់ ដោយអនុវត្តទៅតាមនីតិវិធីដ៏ត្រឹមត្រូវ ។ ចំពោះកូនដែលកើតរួច ត្រូវទុកដោយឡែកហើយត្រូវឱ្យវាបៅទឹកដោះមេឱ្យបានឆាប់តាមដែលអាចធ្វើទៅបានព្រោះការបៅទឹកដោះដំបូងនេះ នឹងជួយឱ្យកូនជ្រូកមានសុខភាពល្អនិងអាចការពារជំងឺបាន ។ (រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ –ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧)

ការរៀបចំបង្កើតកូនជ្រូក

ការរៀបចំបង្កើតកូនជ្រូក សញ្ញាមុនពេលកើត ៖ – ជ្រូកផើមរយៈពេល ៣ខែ ៣សប្តាហ៍ ៣ថ្ងៃ – កន្សោមដោះរីកធំ ស្រក់ទឹកដោះនៅពេលច្របាច់កន្សោមដោះ – មេជ្រូកនៅមិនស្ងៀម និងចាប់ផ្តើមកាច់សំបុក – ប្រដាប់បន្តពូជរបស់វាចាប់ផ្តើមរីកធំ – មានទឹករំអិលហូរចេញពីប្រដាប់បន្តពូជ ការរៀបចំបង្កើតកូន ៖ – ត្រូវសម្អាតទ្រុង – រៀបចំកម្រាលស្ងួត ហើយស្អាតដើម្បីងាយស្រួលយកវត្ថុរាវចេញពីមេ (ចំបើស្ងួត ឬបាវក្រចៅ) – រៀបចំសូលុយស្យុងអ៊ីយ៉ូត ៧% សម្រាប់លាងទងផ្ចិតកូនទើបកើត – រៀបចំកន្លែងសម្រាប់មេ និងកូនក្រោយពេលកើត (រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ – ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧)