ការថែទាំកូនជ្រូកមុនផ្តាច់ដោះ

– ដោយសារមេជ្រូកកើតកូនច្រើនក្បាលក្នុងមួយសារ នោះការប្រកួតប្រជែងក្នុងការបៅដោះនឹងកើតមានឡើង ។ ដូចនេះ ត្រូវជួយកូនជ្រូកណាដែលខ្សោយ ដោយឱ្យវាបៅឱ្យបានច្រើន ឬច្របាច់ទឹកដោះពីមេឱ្យបៅបន្ថែម ។

– ត្រូវធ្វើទ្រុងសាមញ្ញមួយ ដើម្បីឱ្យកូនជ្រូកអាចចូលទៅក្នុងនោះបាន និងមានភាពកក់ក្តៅ តែមេជ្រូកមិនអាចចូលទៅបាន ។ ការធ្វើរបៀបនេះ គឺចៀសវាងកុំឱ្យមេជាន់ ឬដេកសង្កត់លើកូនជ្រូក ។

– កូនជ្រូកនៅពេលវាមានអាយុពី៧ – ១០ថ្ងៃ វាអាចស៊ីចំណីបានតិចៗ ។ ដូចនេះ ក្នុងពេលផ្តល់ចំណីដំបូង អ្នកចិញ្ចឹមត្រូវសាកល្បងផ្តល់ឱ្យវាតិចៗ រហូតដល់វាមានអាយុ៨សប្តាហ៍ ។

– ការបន្ថែមជាតិដែកឱ្យកូនជ្រូក គឺជាវិធីសាស្រ្តមួយ ដើម្បីចៀសវាងកុំឱ្យកូនជ្រូកខ្វះឈាមក្រហម ក្រិន និងរាករូសលាមកពណ៌ស ព្រោះថាជាតិដែកដែលមេជ្រូកផ្តល់ឱ្យកូនបានតែ១-២មីលីក្រាមក្នុងមួយក្បាល ក្នុងមួយថ្ងៃ ។ ដោយឡែក កូនជ្រូកត្រូវការជាតិដែកពី៧-៩មីលីក្រាម ដូច្នេះ តាមរយៈទឹកដោះកូនជ្រូកនៅខ្វះជាតិពី៦-៧មីលីក្រាម ។ ការបន្ថែមជាតិដែកនេះ អាចធ្វើឡើងតាមវិធីសាស្រ្តសាមញ្ញ និងងាយស្រួល គឺតាមរយៈការជីកយកដីឥដ្ឋលុញជាដុំមូល ហាលឱ្យស្ងួតរួចបោះឱ្យកូនជ្រូកលិឍ ។ វិធីសាស្រ្តមួយទៀត គឺការចាក់បំពេញជាតិដែកទៅឱ្យកូនជ្រូក ដោយចាក់លើកដំបូងនៅពេលកូនជ្រូកមានអាយុ៣ថ្ងៃ និងលើកទី២ នៅពេលកូនជ្រូកមានអាយុ២១ថ្ងៃ ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ – ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧) 

More To Explore