អ្វីជាជំងឺចុងអង្ករ ៖
ជំងឺចុងអង្ករ ជាជំងឺឆ្លងរាតត្បាតពីមនុស្សទៅសត្វ ពិសេសមនុស្ស គឺជាប្រភពចម្លងមួយយ៉ាងសំខាន់ ។
មូលហេតុនៃជំងឺ ៖
មូលហេតុដែលបណ្តាលឱ្យជ្រូកកើតជំងឺនេះ ដោយសារជ្រូកបានទៅស៊ីលាមកមនុស្ស ដែលមានតេនញ៉ា ហើយពងតេនញ៉ានេះ ចូលទៅក្នុងពោះវៀនជ្រូក រួចបន្តញាស់ទៅជាកូនដង្កូវមិនទាន់ពេញវ័យមួយ ហៅថា កូនឡាវ ។ កូនឡាវនេះ ជ្រៀតចូលក្នុងប្រព័ន្ធឈាម រួចទៅក្នុងសាច់ដុំផ្សេងៗ នៃខ្លួនជ្រូក ។ បន្ទាប់មក កូនដង្កូវឡាវនេះ ក្លាយជាគិស្ត ។ ចំណែកមនុស្សកើតជំងឺតេនីញ៉ានេះ តាមរយៈការហូបសាច់ជ្រូកដែលផ្ទុកដោយគិស្តដែលមិនឆ្អិនល្អ ។
ចំពោះជ្រូកដែលកើតជំងឺតេនីញ៉ានេះ លេចចេញនូវរោគសញ្ញាដូចជា ៖
លេចចេញនូវគ្រាប់ចុងអង្ករតូចៗ ដែលហៅថា គិស្តនៅគល់អណ្តាត ។ យើងអាចឃើញគិស្តនេះបាន នៅពេលយើងទាញអណ្តាតជ្រូកកើតជំងឺនេះ ចេញមកក្រៅ ហើយយកក្រណាត់ស្អាតជូតគល់អណ្តាតឱ្យស្ងួត រួចយកដៃស្អាតស្ទាបសើរៗ លើគល់អណ្តាតនោះ ដើម្បីរកមើលគ្រាប់គិស្តនោះ ។ នេះជាមធ្យោបាយតែមួយគត់ ដែលយើងអះអាងថា ជ្រូកកើតជំងឺនេះ ឬអត់ ។
ការការពារ ៖
ដោយសារជំងឺនេះជាជំងឺឆ្លង យើងត្រូវមានវិធានការការពារឱ្យបានល្អ គឺត្រូវសម្អាតឱ្យស្អាតជានិច្ចនៅជុំវិញលំនៅដ្ឋាន និងកន្លែងជ្រូករស់នៅ ដើម្បីការពារកុំឱ្យជ្រូកទៅស៊ីលាមកមនុស្ស ដែលបង្កឱ្យមានការឆ្លងរាលដាលបន្តគ្នា គឺមនុស្សត្រូវបន្ទោរបង់នៅក្នុងបង្គន់អនាម័យជានិច្ច និងត្រូវបរិភោគសាច់ឆ្អិនល្អ ។
ការព្យាបាល ៖
ជំងឺនេះគ្មានវិធីព្យាបាលទេ ។ ប៉ុន្តែ តាមបទពិសោធន៍របស់កសិករ គឺពួកគេបានព្យាបាលដោយប្រើឱសថបុរាណ ដូចជា យកត្រួយពោនស្រស់ចំនួន១០សន្លឹក ស្ងោរជាមួយទឹកមួយពែង ក្នុងរយៈពេល៥ទៅ១០នាទី រួចយកទឹកនេះ ទៅបញ្ច្រកឱ្យជ្រូក២ទៅ៣ដង ក្នុងកម្រិតមួយស្លាបព្រាកាហ្វេ សម្រាប់ជ្រូកដែលមានទម្ងន់១០គីឡូក្រាម ។
ក្រោយពីព្យាបាល៧ថ្ងៃ ចូរត្រួតពិនិត្យថា តើគិស្តនេះ រលុបបាត់ ឬអត់ ប្រសិនបើអត់ ចូរបន្តការព្យាបាលឱ្យបាន២ឬ៣ដង ទៀត ក្នុងរយៈពេលមួយសប្តាហ៍ រហូតដល់ជ្រូកជា ។
ដកស្រង់ចេញពីសៀវភៅ មេរៀនកសិករ របស់អង្គការសេដាក ៕