លក្ខណៈទូទៅនៃពូជជ្រូកដំរី

ពូជជ្រូកដំរី ជាប្រភេទពូជក្នុងស្រុក ។ វាមានប្រភពមកពីឥណ្ឌូចិន និងប្រទេសចិន ។ ពូជនេះជាពូជដែលមានចំណាស់ជាងគេ ក្នុងចំណោមពូជជ្រូកនៅកម្ពុជា ។ គេឱ្យឈ្មោះវាថា ជាជ្រូកដំរី ព្រោះវាមានស្បែកជ្រីវជ្រួញនៅម្តុំភ្នែក មានស្លឹកត្រចៀកធំ និងមានដំណើរដូចដំណើរដំរី ។ បច្ចុប្បន្នពូជនេះ ស្ទើរតែផុតពូជទៅហើយ ។

លក្ខណៈរូបរាងខាងក្រៅ៖ ជាពូជជ្រូកដែលមានរូបរាងភិនភាគដូចដំរី ខ្ទង់ច្រមុះផតខ្លាំង ច្រមុះត្រង់ហើយខ្លី ត្រចៀកធំ ក្បាលធំទូលាយ ថ្ងាសប៉ោងបន្តិច ខ្លួនធំក្រាស់ តែមិនសូវមានរោមទេ និងមានរោមតិចៗនៅពោះ និងកៀនភ្លៅ ខ្នងអែន ពោះធំប៉ោង ជើងខ្លីហើយធំ ។

ផលិតភាពផលិតកម្ម៖
– ទម្ងន់៦០គីឡូក្រាម នៅពេលមានអាយុពី ៧-៨ខែ
– មេជ្រូកផ្តល់កូនក្នុងមួយសំបុកៗ មានពី៨-១០ក្បាល ហើយជួនកាលអាចមានដល់១២-១៥ក្បាល
– ប្រជាកសិករច្រើនក្រៀវវាក្នុងអាយុ២ខែ ដើម្បីចិញ្ចឹមយកសាច់ ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ – ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧) 

More To Explore