លក្ខណៈទូទៅនៃពូជជ្រូកយ៉កសៀរ

ប្រជាកសិករ និយមចិញ្ចឹមពូជនាំចូលពីបរទេស ដើម្បីទុកបង្កាត់ជាមួយពូជក្នុងស្រុក ។ ពូជកូនកាត់នឹងអាចផ្តល់ការលូតលាស់លឿនជាង ទំហំធំជាង និងលក់បានថ្លៃទៀតផង ។

ពូជជ្រូកយ៉កសៀរ ជាប្រភេទពូជនាំចូលពីបរទេស ។ ពូជនេះ មានដើមកំណើតនៅតំបន់យ៉កសៀរ (Yorkshire) ប្រទេសអង់គ្លេស នៅទីនោះគេហៅថា Large White ។ នៅចុងសតវត្សទី១៩ ប្រទេសអាមេរិក និងកាណាដា បាននាំពូជជ្រូកនេះចូល ហើយគេហៅវាថា យ៉កសៀរ ។

សព្វថ្ងៃ ពូជនេះ បានក្លាយជាពូជជ្រូកអន្តរជាតិ ដោយសារវត្តមានរបស់ពួកវាមាននៅគ្រប់ទិសទីលើភពផែនដី ។ កាលពីដើម ពូជជ្រូកយ៉កសៀរ ជាពូជជ្រូកដែលមានជើងវែង មាឌមាំ ត្រចៀកធ្លាក់ ទ្រូងសំប៉ែត រោមរឹងពណ៌ស ជួនកាលក៏មានពណ៌ប្រផេះ ឬបៃតងស្រាល ។ គេបាយកយកវាទៅបង្កាត់ជាមួយពូជ New Leicester ដល់ឆ្នាំ ១៨៥២ ទើបបង្កាត់បានជាពូជយ៉កសៀរថ្មីដូចពេលនេះ ។

លក្ខណៈខាងក្រៅ៖ ពូជជ្រូកមានការលូតលាស់ល្អ មានគ្រោងឆ្អឹងមាំ មាឌធំ ខ្លួនវែងធំស្មើពីស្មាដល់គូទ ប៉ុន្តែស្រឡះល្អ ដំណើររវៀសរវៃ រោមទន់ពណ៌ស ភ្លឺរលោង ត្រចៀកធំឈរត្រង់រាងធ្លាក់ទៅមុខបន្តិច ក្បាលធំ ថ្ងាសទូលាយ មាត់រាងខើចឡើងលើ ភ្នែកវៃ មុខកោង ទ្រូងជ្រៅទូលាយងាយស្រួលក្នុងការដកដង្ហើម ភ្លៅធំ ជើងវែងហើយរឹងមាំ ។ លើសពីនេះ វាជាពូជសាយកូន ពូកែចិញ្ចឹមកូន ផ្តល់ទឹកដោះច្រើន ហើយងាយសម្របខ្លួនទៅនឹងបរិយាកាសខាងក្រៅ និងមិនរើសចំណី ។

សមត្ថភាពផលិតកម្ម៖
– ទម្ងន់ពេលផ្តាច់ដោះ មានពី១០-១៥គីឡូក្រាម
– នៅអាយុ៤ខែ មានទម្ងន់ពី ៥០-៥៥គីឡូក្រាម
– នៅអាយុ៦ខែ មានទម្ងន់ ៨០-៩០គីឡូក្រាម ចំពោះជ្រូកញី នៅពេលផើមមានទម្ងន់ ១៥០-២៥០គីឡូក្រាម
– ជាពូជសាយកូន និងពូកែចិញ្ចឹមកូន ។ កូនក្នុងមួយសំបុកៗ មានជាមធ្យមពី ១០-១១ក្បាល ហើយចិញ្ចឹមរហ័សធំ
– ជាពូជដែលពូកែសម្របខ្លួនទៅនឹងបរិយាកាសខាងក្រៅ មិនសូវរើសចំណី ហើយជាពូជដែលសមស្របទៅនឹងលក្ខណៈចិញ្ចឹមនៅកម្ពុជា
– គេចិញ្ចឹមដាក់ទ្រុងក៏បាន លែងក៏បាន ។ ករណីមានការថែទាំបំប៉នបានល្អ វាអាចឡើងទម្ងន់ពី៣០០-៤០០គីឡូក្រាម នៅអាយុ៣ឆ្នាំ ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ – ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧) 

ប្រពភ: https://vayofm.com/news/detail/88510-335169831.html

More To Explore