ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បញ្ជាក់នៅថ្ងៃទី៩ខែមិថុនា ថា ក្នុងរយៈពេលជាង៥ខែ នៃឆ្នាំ២០២០នេះ តម្លៃជ្រូករស់មានចន្លោះពី១១,០០០រៀល ទៅ១២,០០០រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្តែតម្លៃជ្រូក ទើបតែកើនឡើងក្នុងរយៈពេល២ ទៅ៣ថ្ងៃនេះ ក្នុងមួយគីឡូក្រាមកើនដល់ចំនួន១៤,២០០រៀល ហើយការកើនឡើងនេះទៀតសោត មាននៅតាមកន្លែងមួយចំនួនប៉ុណ្ណោះ។
រីឯការលក់សាច់ជ្រូកនៅលើទីផ្សារថ្លៃចន្លោះពី១៨, ០០០ ទៅ ២២, ០០០រៀលក្នុងមួយគីឡូក្រាម គឺដោយសារក្នុងដំណាក់កាលផ្ទុះជំងឺកូវីដ១៩។ ក្រសួងពន្យល់ថា ស្ថិតក្នុងដំណាក់កាលកូវីដ-១៩ កម្មវិធីជួបជុំធំៗ និងពិធីផ្សេងៗមិនត្រូវបានរៀបចំ ហើយភោជនីយដ្ឋាននានាមិនដំណើរការ ធ្វើឲ្យអាជីវករលក់តែសាច់ជ្រូកសុទ្ធនៅលើទីផ្សារ ចំណែកឯឆ្អឹង ជើង និងគ្រឿងក្នុង មិនត្រូវបានប្រើប្រាស់ឲ្យអស់លទ្ធភាពឡើយ។ ដូច្នេះ តម្លៃដែលអាជីវករអាចលក់រកប្រាក់ចំណេញបាន គឺត្រូវបូកបញ្ចូលថ្លៃទាំងអស់មកលើសាច់តែម្ដង។
អគ្គនាយកដ្ឋានសុខភាពសត្វបានបញ្ជាក់ថា ការគ្រប់គ្រងការនាំចូលជ្រូករស់ ពីបរទេសមកផ្គង់ផ្គង់ទីផ្សារកម្ពុជា មិនពាក់ព័ន្ធនឹងអំពើពុករលួយឡើយ ផ្ទុយទៅវិញសមាគមចិញ្ចឹមសត្វកម្ពុជាបានជំរុញនិងលើកទឹកចិត្តសមាជិកសមាគម ក៏ដូចជាកសិករ ឲ្យពង្រីកកសិដ្ឋានចិញ្ចឹមសត្វ និងការចិញ្ចឹមជាលក្ខណៈគ្រួសារ។ ជាក់ស្តែងរយៈពេល៥ខែដើមឆ្នាំ ២០២០នេះ អគ្គនាយកដ្ឋានទទួលបានការស្នើសុំបង្កើតកសិដ្ឋាន២៣កន្លែង (ខ្នាតធំ៧កន្លែង ខ្នាតមធ្យម២កន្លែង និងខ្នាតតូច ១៤កន្លែង) បើធៀបនឹងឆ្នាំ២០១៩ ពេញមួយឆ្នាំទទួលបានការស្នើសុំបង្កើត ក៏សិដ្ឋានតែចំនួន១០កន្លែងប៉ុណ្ណោះ។
រីឯការនាំចូលមេជ្រូកពូជមានចំនួន១៤,០០០ក្បាល ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០ ដែលមានការកើនឡើងខ្ពស់បើធៀបនឹងឆ្នាំ២០១៩ គឺការនាំចូលមានត្រឹម ៧,៨៤០ក្បាល និងកូនជ្រូកពូជ នាំចូលរយៈពេល៥ខែដើមឆ្នាំ២០២០ មានចំនួន ៨៨,៨៧០ក្បាលនាំចូលរយៈពេល៥ខែដើម ឆ្នាំ២០១៩ ហើយការនាំចូល ដើម្បីបំពេញតម្រូវការ ក្នុងប្រទេសសម្រាប់រយៈពេញមួយឆ្នាំ២០១៩ មានចំនួនត្រឹមតែ ២២,១៨៥ក្បាលប៉ុណ្ណោះ។
លទ្ធភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តាមរយៈការចិញ្ចឹមតាមកសិដ្ឋាន និងតាមគ្រួសារក្នុងឆ្នាំ២០២០ មានចំនួន ៥,៨០០ក្បាលក្នុងថ្ងៃ និងមានការនាំចូលបំពេញបន្ថែមចន្លោះពីចំនួន ២,៣៥០ក្បាល ទៅ ៤,៤០០ក្បាលក្នុងមួយថ្ងៃ ទៅតាមតម្រូវការតិចឬច្រើន។ ការផ្តល់គោលការណ៍នាំចូលនាពេលបច្ចុប្បន្ននេះមានចំនួន៦៣០ ក្បាលក្នុងមួយថ្ងៃ គឺបាននាំចូលលើសពីតម្រូវការជាក់ស្តែងចំនួន ១,៩០០ក្បាលក្នុងមួយថ្ងៃ សម្រាប់តម្រូវការខ្ពស់។ ដូច្នេះមិនមានហេតុ ផលណាដែលថា ការរឹតត្បិតដោយការកាត់បន្ថយចំនួន និងការបញ្ចប់គោលការណ៍នាំចូលក្រុមហ៊ុនមួយដែលអនុវត្តខុសច្បាប់ ដើម្បីនាំចូលជ្រូករស់ពីក្រៅប្រទេសមកផ្គត់ផ្គង់ទីផ្សារកម្ពុជា ធ្វើឲ្យថ្លៃសាច់ជ្រូក លើទីផ្សារឡើងថ្លៃនោះទេ។
ការពន្យល់របស់ក្រសួងកសិកម្មធ្វើឡើង ដើម្បីឆ្លើយតបនឹងសមាគមផ្គត់ផ្គង់ជ្រូកម្ពុជា ដែលបានរៀបចំអង្គប្រជុំពិភាក្សាលើប្រធានបទ ជ្រូកឡើងថ្លៃខុសប្រក្រតី នៅថ្ងៃទី៨មិថុនា។ នៅក្នុងអង្គប្រជុំមានការចូលរួមពីអាជីវករលក់សាច់ជ្រូកមួយចំនួនផងនោះ បានជែកវែកញែកលើបញ្ហាជ្រូកឡើងថ្លៃ ដែលធ្វើឲ្យប៉ះពាល់ដល់អាជីវករលក់សាច់ជ្រូក។ ជាថ្មីម្តងទៀត សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា សំណូមពរ ឲ្យក្រសួងបំបែកការប្រមូលផ្តុំ និងត្រូតពិនិត្យឡើងវិញនូវក្រុមហ៊ុននីមួយៗ កុំឲ្យលក់អាជ្ញាប័ណ្ណទៅឲ្យមនុស្សម្នាក់ យកមកកាន់កាប់ ដើម្បីឲ្យមានការប្រកួតប្រជែងទីផ្សារសេរី។
អគ្គនាយកដ្ឋានសុខភាពសត្វបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានពុំដែលអនុញ្ញាតផ្តល់គោលការណ៍នាំចូលជ្រូករស់ឲ្យក្រុមហ៊ុនណាមួយ ឬផ្តាច់មុខនោះទេ។ ហើយអគ្គនាយកដ្ឋានបន្តជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករបង្កើនការចិញ្ចឹមជ្រូក ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកបន្ថែមទៀត រហូតដល់កាត់បន្ថយការនាំចូលជ្រូករស់មកត្រឹមកម្រិតអប្បបរិមា៕ ដោយ៖អ៊ុន សុខឡា