គោលការណ៍បង្កាត់ពូជជ្រូក

គោលដៅសំខាន់ក្នុងការបង្កាត់ពូជជ្រូក គឺដើម្បីឱ្យបានកូនជ្រូកមានសុខភាពល្អ អត្រានៃការស្លាប់ក្រោយពីការផ្តាច់ដោះ មានចំនួនតិចបំផុត កូនជ្រូកគ្រប់ក្បាលមានការធំធាត់លឿន ។ មេជ្រូករកឈ្មោលក្រោយពីសម្រាលកូនរួចឆាប់រហ័ស និងអាចបង្កាត់ជាប់បានល្អ ព្រមទាំងឱ្យកូនច្រើនជាងជ្រូកដទៃៗទៀត ដែលរៀបចំការបង្កាត់ពូជមិនល្អ ។

ដើម្បីឱ្យការបង្កាត់ពូជជ្រូកទទួលបានលទ្ធផលល្អ និងបានកូនច្រើនក្នុងមួយលើកៗ ត្រូវអនុវត្តដូចជា ៖
– ចិញ្ចឹមជ្រូកពូជ (បាពូជ និងមេពូជ) ឱ្យនៅក្នុងសភាពជ្រូកមានសុខភាពល្អ មុនបង្កាត់ ។
– កុំបណ្តោយឱ្យមេ -បាជ្រូក ធាត់ពេក ឬស្គមពេក ។
– កុំបង្កាត់បាពូជជាមួយនឹងមេពូជដែលជាបងប្អូន ឬក៏ខ្សែស្រឡាយជាមួយគ្នា (ជាន់ឈាម) ។
– ត្រូវចិញ្ចឹមមេពូជ និងបានពូជស្ថិតនៅក្នុងទ្រុងដែលមានអាកាសធាតុត្រជាក់ និងមានខ្យល់ចេញចូលបានល្អ ។
– ទ្រុងចិញ្ចឹមជ្រូកគួរមានទីលានសម្រាប់ឱ្យជ្រូកដើរ ឬចិញ្ចឹមបាពូជក្នុងវាលស្មៅ ។
– គួរបង្កាត់ជ្រូកក្រមុំនៅពេលដែលវារកឈ្មោលលើកទី២ ដើម្បីឱ្យរាងកាយវាមានសមត្ថភាពរីកធំធាត់ពេញលក្ខណៈ និងមានសភាពមាំទាំល្អ ។
– ការបង្កាត់ពូជ គួរតែធ្វើក្រោយពីមេជ្រូករកឈ្មោលរយៈពេល ៦-១២ ម៉ោង និងបង្កាត់ម្តងនៅថ្ងៃបន្ទាប់ ដើម្បីធ្វើឱ្យប្រាកដថា បង្កាត់ទទួលបានជោគជ័យ ។
– ក្រោយពីធ្វើការបង្កាត់ ត្រូវបំបែកមេជ្រូកទៅចិញ្ចឹមទ្រុងផ្សេង និងឱ្យអាហារឱ្យបានត្រឹមត្រូវ ។
– មេជ្រូកដេលបង្កាត់ច្រើនដង ហើយមិនមានកូន ឬក៏ឱ្យកូនតិចក្នុងមួយសំបុក ឬកូនមិនមានសុខភាពល្អ យើងត្រូវយកចេញ មិនអាចទុកវាធ្វើជាមេពូជតទៅទៀតបានឡើយ ។
– ប្រសិនបើរកបាពូជដែលល្អមិនបាន គួរបង្កាត់មេជ្រូកតាមបែបសិប្បនិម្មិត ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ – ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧) 

More To Explore