បច្ចេកទេសចិញ្ចឹមជ្រូក

សាច់​ជ្រូក​លក់​ដាច់​ខ្លាំងក្លា​នៅ​ក្នុង​ពិធី​ប្រារព្ធ​បុណ្យ​ទាន​របស់​ជនជាតិ​ចិន។ ចំណែក​កូន​ជ្រូក គេ​ត្រូវ​ការ​ទិញ​យក​ទៅ​ខ្វៃ​លក់ បម្រើ​ពិធី​បុណ្យ​របស់​ជនជាតិ​ចិន សម្រាប់​សែន​ផ្នូរ​ដូនតា និង​ភ្ជុំ​ចិន។ ក្នុង​ពេល​នោះ កូន​ជ្រូក​លក់​បាន​ថ្លៃ​ជាង​ជ្រូក​សាច់​ធំៗ​ទៅ​ទៀត។

ដើម្បី​បំពេញ​តម្រូវ​ការ​កូន​ជ្រូក​លក់​ឲ្យ​ទាន់​រដូវ តើ​ត្រូវ​ចិញ្ចឹម​មេ​ជ្រូក​បែប​ណា ដើម្បី​ឲ្យ​វា​បង្កើត​កូន​បាន​ច្រើន?

សូម​ស្តាប់​សេចក្តី​រាយការណ៍​របស់ អ្នកស្រី អ៊ុក សាវបូរី៖

ឯកសារ​កសិកម្ម​ប្រាប់​ពី​បច្ចេកទេស​ចិញ្ចឹម​ជ្រូក​យក​កូន ដោយ​ឲ្យ​សម្គាល់​លក្ខណៈ​សំខាន់ ៣​យ៉ាង​ក្នុង​ការ​ចិញ្ចឹម​មេ​ជ្រូក គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ជ្រើសរើស​ពូជ ចំណី និង​បរិស្ថាន។ ពូជ ត្រូវ​រើស​ពូជ​ដែល​លូតលាស់​លឿន ធន់​ជំងឺ ផលិតផល​កូន និង​សាច់​ច្រើន មិន​ជាន់​ឈាម​គ្នា។ រីឯ​ចំណី​សំដៅ​ដល់​ចំណី​ដែល​មាន​គុណភាព​ខ្ពស់ ថាមពល និង​ជីវជាតិ​គ្រប់គ្រាន់។ ចំណែក​បរិស្ថាន គឺ​កន្លែង​ចិញ្ចឹម​ត្រូវ​សង់​ទ្រុង​ទទឹង​ថ្ងៃ ចាក់​សាប​បាត​ទ្រុង ហើយ​ថែទាំ​សម្អាត​ទ្រុង និង​សត្វ​ជា​ប្រចាំ។ ក្រៅ​ពី​នេះ គេ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ដល់​មេ​ជ្រូក ទើប​វា​ចៀស​រួច​ពី​ជំងឺ​រាតត្បាត។

បញ្ជាក់​បន្ថែម​លើ​ឯកសារ​កសិកម្ម​នោះ លោក ស្រ៊ុន ពៅ ប្រធាន​ស្តីទី​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា អះអាង​ថា ការ​រើស​ពូជ​មេ​ជ្រូក​ជា​កត្តា​សំខាន់ ជា​មេ​ដែល​បាន​បង្កាត់​មិន​ជាន់​ឈាម​គ្នា ឬ​ហៅ​ថា​បង្កាត់​ឈាម​២ ជា​ជ្រូក​ដែល​ត្រគាក​ក្រោយ​វា​ស្វិត សម្បុក​ពោះ​ធំ កន្សោម​ដោះ​វា​ធំ មាន​ដោះ​គត់​គូ​ចាប់​ពី ១២ ឡើង​ទៅ ទើប​វា​បង្កើត​កូន​បាន​ច្រើន ហើយ​កូន​នៅ​រស់​ទាំងអស់៖ «បង្កាត់​មក គឺ​យើង​បាន​កូន​ច្រើន​ទី​១។ ទី​២​ទៀត ពូជ​ចិញ្ចឹម​ឆាប់​ធំ។ ពូជ​ល្អ​នេះ លន់​ដ្រេស យ៉ក​សៀ ប៉ិន​គ្រាន់​ថា​យើង​យក​ឈាម​២ ឲ្យ​ចំ​ឈាម​២ ដើម្បី​យក​មក​បង្កាត់​ពូជ ចិញ្ចឹម​កូន​យក​សាច់»

ឯកសារ​កសិកម្ម​បង្ហាញ​ថា ការ​ជ្រើសរើស​ពូជ​មេ​ជ្រូក ត្រូវ​រើស​យក​ពូជ​ជ្រូក​ណា​ដែល​កូន​ច្រើន សម្បូរ​ទឹក​ដោះ ឆ្អឹង​សមរម្យ​ល្មម​នឹង​ទម្ងន់​ដង​ខ្លួន ដោះ​គត់​គូ មាន​សម្បុក​ពោះ​ជា​ជ្រូក​មេ ជាពិសេស​តំណ​ពូជ​ចេញ​ពី​មេបា​ដែល​ប្រើ អ៊ីអ៊ិក្ស-អិម (EX-M) បង្កាត់​បាន​មួយ​ជំនាន់​យ៉ាង​តិច និង​ជា​ជ្រូក​ដែល​បង្កាត់​មិន​ជាន់​ឈាម​គ្នា។

លោក ស្រ៊ុន ពៅ ឲ្យ​ដឹង​ថា រើស​ពូជ​មេ​ជ្រូក​ហើយ ត្រូវ​សង់​ទ្រុង​សម្រាប់​ចិញ្ចឹម​វា​នៅ​កន្លែង​ស្រឡះ និង​គ្មាន​ភក់​ជ្រាំ​នៅ​ក្បែរ។ លោក​ណែនាំ​ថា ទ្រុង​ត្រូវ​សង់​នៅ​កន្លែង​សម្បូរ​ទឹក ហើយ​សង់​ទ្រុង​ទទឹង​ថ្ងៃ កម្ពស់​ទ្រុង​លើក ១,៥​ម៉ែត្រ​ពី​ដី ប្រក់​ដំបូល​ណា​ដែល​ធ្វើ​ឲ្យ​ជ្រូក​ត្រជាក់​នៅ​ពេល​ថ្ងៃ​ក្តៅ។ បាត​ទ្រុង ត្រូវ​ចាក់​សាប​ឲ្យ​រាង​ជម្រាល​ទៅ​ម្ខាង ងាយ​ឲ្យ​ទឹក​នោម ឬ​ទឹក​ចាក់​លើ​ជ្រូក​វា​ហូរ​ទៅ​ម្ខាង កុំ​ឲ្យ​ទឹក​ដក់​នៅ​កន្លែង​វា​ដេក៖ «បើ​យើង​ធ្វើ​ទ្រុង​វែង បើ​ធ្វើ​បណ្តោយ​ថ្ងៃ​ពន្លឺ​វា​ជះ​អត់​ល្អ​ទេ យើង​ត្រូវ​ការ​កម្ដៅ​ដែរ អ៊ីចឹង​យើង​សង់​ល្អ​បំផុត​ត្រូវ​ធ្វើ​ទទឹង​ថ្ងៃ ព្រោះ​ទ្រុង​ទទឹង​ថ្ងៃ​នេះ គឺ​ពន្លឺ​វា​ជះ​ចូល​មក​ដល់​ពី​ទ្រុង​ម្ខាង​ទៅ​ទ្រុង​ម្ខាង។ ព្រឹក​ឡើង​ចាំង​ទៅ ល្ងាច​ឡើង​ថ្ងៃ​រៀប​លិច​ក៏​វា​ចាំង​មក​ដែរ អ៊ីចឹង​វា​មាន​ពន្លឺ​ថ្ងៃ កាល​ណា​មាន​ពន្លឺ​ថ្ងៃ​នេះ ក៏​វា​ជួយ​អនាម័យ​យើង​ដែរ សម្លាប់​មេរោគ​សម្លាប់​អី។ បើ​យើង​សង់​ទ្រុង​កើត​លិច​បាន​សេចក្តី​ថា ថ្ងៃ​រះ​ពី​ម្ខាង លិច​ទៅ​ម្ខាង​អត់​មាន​ជះ​ទៅ​ដល់​កណ្ដាល​ទ្រុង​ទេ អ៊ីចឹង​យើង​ត្រូវ​ធ្វើ​ជើង​ត្បូង គឺ​ទ្រុង​យើង​ធ្វើ​ទទឹង​ថ្ងៃ​អ៊ីចឹង»

លោក ស្រ៊ុន ពៅ បន្ត​ថា ក្រោយ​ពី​សង់​ទ្រុង​រួច ត្រូវ​យក​មេ​ជ្រូក​ទៅ​បង្កាត់​ជាមួយ​បា​ដែល​មាន​ឈាម​ខុស​ពី​មេ ទើប​វា​ផ្តល់​កូន​ច្រើន។ ក្រោយ​ពី​បង្កាត់​ពូជ​រួច ត្រូវ​ឲ្យ​វា​ស៊ី​ចំណី​ក្នុង​មេ​ជ្រូក​មួយ​ក្បាល​តែ ២​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ការពារ​កុំ​ឲ្យ​វា​ធាត់៖ «មូលហេតុ​អី​បាន​អត់​ឲ្យ​វា​ស៊ី​ឆ្អែត​ពេក ព្រោះ​វា​ធំ​ធាត់ ទី​១ ពិបាក​កើត​កូន ទី​២ ធ្វើ​ឲ្យ​កូន​តិច ហើយ​ចាក់​វ៉ាក់សាំង​តាម​ការ​ណែនាំ​ក្នុង​សៀវភៅ បើ​កាល​ណា​ធ្វើ​វ៉ាក់សាំង​អត់​ត្រូវ កូន​កើត​មក​ក៏​អត់​ប្រយោជន៍​ដែរ នេះ​សំខាន់»

លោក ស្រ៊ុន ពៅ បន្ត​ថា ការ​ឲ្យ​ចំណី​មេ​ជ្រូក​ផើម​នេះ​តិច តែ​ពេល​វា​កំពុង​ក​កំណើត​កូន​ទេ។ នៅ​ពេល​មេ​ជិត​កើត​កូន គឺ​នៅ​សល់ ៣​សប្ដាហ៍​ទៀត វា​នឹង​ផ្តល់​កំណើត​កូន គឺ​ចំណី​ត្រូវ​បង្កើន​ឲ្យ​វា​ស៊ី​ឲ្យ​ឆ្អែត។ ក៏ប៉ុន្តែ​នៅ​ពេល​ជិត​ដល់​ថ្ងៃ​វា​កើត​កូន​មែន​ទែន ចំណី​វា​ត្រូវ​បន្ថយ​វិញ ដើម្បី​កុំ​ឲ្យ​វា​ធាត់ ហើយ​ឲ្យ​វា​ងាយ​ស្រួល​ក្នុង​ការ​កើត​កូន។ នៅ​ពេល​វា​កើត​កូន​រួច​ហើយ វា​នឹង​ស៊ី​ចំណី​ច្រើន នោះ​ទឹក​ដោះ​វា​នឹង​សម្បូរ​ឲ្យ​កូន​វា​បៅ​បាន​ច្រើន។ លោក​ឲ្យ​ដឹង​ថា មេ​ជ្រូក​វា​នឹង​ផ្តល់​កំណើត​កូន ក្រោយ​ពី​បង្កាត់​ពូជ​បាន ១១៥​ថ្ងៃ៖ «មេ​ជ្រូក​ដែល​ជិត​កើត គេ​ឲ្យ​វា​ស៊ី​ឧទាហរណ៍​នៅ​ខ្វះ ២០​ថ្ងៃ​ទៀត​វា​កើត គេ​ឲ្យ​វា​ស៊ី​ច្រើន។ ដល់​ខ្វះ ៥​ថ្ងៃ​ទៀត​កើត គេ​ឲ្យ​ស៊ី​តិច​ទៅៗ យើង​ថា​វា​គ្មាន​កម្លាំង​បង្កើត​កូន គឺ​មិន​មែន​ទេ មូលហេតុ​អី? កាល​ណា​វា​កើត​កូន​មក​វា​ឃ្លាន​បាយ វា​ឃ្លាន​បាយ​មេ​ហ្នឹង​វា​ប្រឹង​ស៊ី វា​សម្បូរ​ទឹក​ដោះ​ឲ្យ​កូន​ហើយ។ បើ​សិន​ណា​ជា​យើង​ឲ្យ​វា​ស៊ី​ឆ្អែត​រហូត ពេល​វា​កើត​កូន​មក​វា​ដេក​អត់​ប្រឹង​ស៊ី​បាយ​ទេ បើ​ឲ្យ​ស៊ី​ឆ្អែតៗ​កូន​តិច មេ​ជ្រូក​ធាត់ បើ​មេ​ជ្រូក​ធាត់​កូន​តិច ហើយ​ពិបាក​កើត​ទៀត ការ​កើត​កូន​ម្តងៗ​វេទនា​ណាស់ ជួន​កាល​ងាប់​មេ​ទៀត នេះ​កត្តា​សំខាន់​បំផុត គឺ​បង្អត់​មេ​តែ​ម្តង»

ឯកសារ​កសិកម្ម​ណែនាំ​ពី​ការ​ថែទាំ​មេ​ជ្រូក​ផើម ដើម្បី​ឲ្យ​ជ្រូក​មាន​សុខភាព​ល្អ ត្រូវ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ ដោយ​ផ្តល់​នូវ អ៊ីអ៊ិក្ស-អិម លាយ​ទឹក​ឲ្យ​ផឹក​ផង និង​លាយ​ជាមួយ​ចំណី​ឲ្យ​ស៊ី​ផង។

កម្រិត​ប្រើ៖

  • យក​មេ អ៊ីអ៊ិក្ស-អិម ១​លីត្រ​លាយ​ទឹក ១​ម៉ឺន​លីត្រ សម្រាប់​ជ្រូក​តូច និង​ធំ ផឹក​ជា​រៀង​រាល់​ថ្ងៃ អាច​យក​ទឹក​ស្អាត ១០​លីត្រ​លាយ​មេ អ៊ីអ៊ិក្ស-អិម ១​សេសេ។ ទឹក​ដែល​លាយ​ឲ្យ​ផឹក​នេះ មិន​ត្រូវ​ទុក​លើស ២៤​ម៉ោង​ទេ។ បើ​ទឹក​នោះ​វា​ផឹក​នៅ​សល់ ត្រូវ​យក​ទឹក​នោះ​ទៅ​ចាក់​លាង​សម្អាត​ទ្រុង​ក៏​បាន ហើយ​បន្ត​លាយ​សាជាថ្មី​ឲ្យ​ជ្រូក​ផឹក រហូត​ដល់​ជ្រូក​ធំ​អាច​ចាប់​លក់​បាន។
  • យក​មេ អ៊ីអ៊ិក្ស-អិម ១​លីត្រ​លាយ​ជាមួយ​ចំណី​ផ្សេងៗ​ចំនួន ១០០ ទៅ ២០០​គីឡូក្រាម ឲ្យ​ជ្រូក​ស៊ី​ជា​រៀង​រាល់​ពេល ឬ​យក​មេ អ៊ីអ៊ិក្ស-អិម ៣​សេសេ លាយ​ទឹក ៣​លីត្រ និង​លាយ​ចំណី​ស្ងួត ១០​គីឡូក្រាម ដាក់​ឲ្យ​ជ្រូក​ស៊ី​សម្រាប់​មួយ​ពេល។
  • បាញ់​លាង​សម្អាត​ជ្រូក និង​ទ្រុង​រៀង​រាល់​ថ្ងៃ និង​ប្រយ័ត្ន​កុំ​ឲ្យ​មេ​ផើម​លោត​លេង ឬ​លោត​ដេញ​គ្នា។
  • មុន​មេ​ជ្រូក​កើត​កូន ១​សប្ដាហ៍ ត្រូវ​ដឹក​ជ្រូក​ផើម​ទៅ​កន្លែង​សម្រាប់​កើត។ នៅ​ពេល​មេ​ជ្រូក​កើត​កូន​រួច ការ​ថែរក្សា​មេ​ជ្រូក​គួរ​ធ្វើ​នៅ​ពេល​មុន​កើត ត្រូវ​រៀបចំ​កន្លែង​ឲ្យ​ត្រឹមត្រូវ​សម្រាប់​ឲ្យ​វា​បង្កើត​កូន មិន​គួរ​ចាក់​ទឹក​លើ​មេ​ជ្រូក​ដែល​វា​កំពុង​ដង្ហក់ ក្នុង​ពេល​វា​កំពុង​ឈឺ​ពោះ​កើត​កូន​នោះ​ទេ ត្រូវ​លាង​ដៃ និង​សម្ភារៈ​ប្រើប្រាស់​ជាមួយ​មេ អ៊ីអ៊ិក្ស-អិម ជា​មុន​សិន មុន​នឹង​បង្កើត​ជ្រូក។
  • ពេល​កូន​កើត ត្រូវ​ចាប់​ជើង​ក្រោយ​ទាំង​ពីរ​យួរ​សំយុង​ក្បាល​ចុះ​ក្រោម ដោយ​រលាក់​ថ្នមៗ និង​យក​ក្រណាត់​ស្ងួត​ជូត​ខ្លួន​កូន​ជ្រូក និង​ទឹក​ព្រៃ​នៅ​ក្នុង​មាត់។
  • ករណី​កូន​ជ្រូក​កើត​មក​ខ្សោយ ឬ​កើត​មក​សន្លប់ ត្រូវ​ផ្លុំ​ខ្យល់​ចូល​ត្រចៀក​ឲ្យ​កូន​ជ្រូក។ បើ​កូន​ជ្រូក​កើត​មក​ឈ្លក់​ទឹក​ព្រៃ ត្រូវ​យក​មាត់​បឺត​ទឹក​ចេញ​ពី​ច្រមុះ​វា។
  • កូន​ទើប​កើត​មក​នោះ ទុក​វា​នៅ​ក្នុង​ទ្រុង​ផ្សេង​ដែល​រៀបចំ​ទុក​រួច​ស្រេច។
  • ពេល​កើត​មក​ភ្លាម ត្រូវ​កាត់​ផ្សិត ហើយ​កាត់​កន្ទុយ។ ការ​កាត់​កន្ទុយ ត្រូវ​លាប​មេ អ៊ីអ៊ិក្ស-អិម រួច​ហើយ ទើប​កាច់​ធ្មេញ​ចង្កូម​លើ​ក្រោម​របស់​វា​ចេញ។
  • ម្យ៉ាង​ទៀត មិន​បាច់​ចង ឬ​កាត់​ផ្ចិត​ក៏​បាន ត្រូវ​យក​ផ្ចិត​កូន​ជ្រូក​ជ្រលក់​មេ អ៊ីអ៊ិក្ស-អិម ឲ្យ​បាន ៣-៥​វិនាទី រួច​ទុក​វា​មួយ​កន្លែង។
  • ក្រោយ​ពី​បង្កើត​កូន​អស់​ហើយ ត្រូវ​យក​មេ អ៊ីអ៊ិក្ស-អិម ជ្រលក់​សំឡី​ជូត​ក្បាល​ដោះ​មេ​ជ្រូក ទើប​ចាប់​កូន​ជ្រូក​ដាក់​ឲ្យ​បៅ។ ការ​ឲ្យ​កូន​ជ្រូក​បៅ​មេ គឺ​មិន​ឲ្យ​លើស​ពី ៤ ទៅ ៨​ម៉ោង ក្រោយ​កូន​កើត។
  • កន្លែង​កូន​ជ្រូក​ដេក​ត្រូវ​ស្ងួត និង​កក់ក្តៅ ក្រោយ​មក​នៅ​ថ្ងៃ​ទី​៣ ត្រូវ​ចាក់​ថ្នាំ​ហ្វែរីដិច ឲ្យ​កូន​ជ្រូក  ២​សេសេ គឺ​ចាក់​សាច់​ដុំ​តែ​ម្តង​គត់។
  • ត្រូវ​បង្ហាត់​កូន​ជ្រូក​ឲ្យ​ស៊ី​ចំណី​នៅ​ពេល​វា​មាន​អាយុ​បាន ៧​ថ្ងៃ។
  • គប្បី​គ្រៀវ​កូន​ជ្រូក​ឈ្មោល​នៅ​ពេល​ជ្រូក​មាន​អាយុ ២​សប្ដាហ៍ បន្ទាប់​ពី​គ្រៀវ​ហើយ ត្រូវ​លាប​មេ អ៊ីអ៊ិក្ស-អិម ឲ្យ​បាន​ញឹកញាប់។
  • នៅ​ពេល​កូន​ជ្រូក​មាន​អាយុ ២៥ ទៅ ២៨​ថ្ងៃ ត្រូវ​ផ្តាច់​ដោះ ហើយ​បញ្ច្រក​មេ អ៊ីអ៊ិក្ស-អិម ២​សេសេ​ឲ្យ​កូន​ជ្រូក​ក្នុង ១​ក្បាល។

ក្នុង​អំឡុង​ពេល​មេ​ជ្រូក​ទើប​កើត​កូន​រួច​ភ្លាម វា​បាក់​កម្លាំង វា​ខ្សោយ​មិន​សូវ​សម្បូរ​ទឹក​ដោះ ត្រូវ​ចាក់​ថ្នាំ​អុកស៊ីតុកស៊ីន តាម​សរសៃ​វ៉ែន​នៅ​ស្លឹក​ត្រចៀក​កន្លះ​សេសេ ចាក់​ព្រឹក​ល្ងាច និង​ចាក់​ថ្នាំ​ខារ៉ាស៊ីល (Carasil) ដើម្បី​បង្កើន​កម្លាំង និង​ជំនួយ​ឲ្យ​វា​សម្បូរ​ទឹក​ដោះ និង​ធ្វើ​ឲ្យ​មេ​ជ្រូក​វា​ឃ្លាន​ចំណី។

លោក ស្រ៊ុន ពៅ ប្រធាន​ស្តីទី​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា ឲ្យ​ដឹង​ថា ចំណី​ផ្តល់​ឲ្យ​មេ​ជ្រូក​ស៊ី​ពេល​កូន​បៅ​ដោះ គឺ​ចំណី​ផ្សេង​ពី​ចំណី​ពេល​វា​កំពុង​ផើម។ លោក​បញ្ជាក់​ពី​មូលហេតុ ដែល​កូន​ជ្រូក​កើត​មក​ភ្លាម គេ​ត្រូវ​កាត់​កន្ទុយ និង​ធ្មេញ៖ «កូន​ជ្រូក​កើត​មក​ភ្លាម គឺ​ត្រូវ​កាច់​ធ្មេញ និង​កាត់​កន្ទុយ»

លោក​អ្នក​នាង​ជា​ទី​មេត្រី ប្រសិន​បើ​លោក​អ្នក​នាង​ចង់​ដឹង​បន្ថែម​ពី​បច្ចេកទេស​ចិញ្ចឹម​ជ្រូក​មេ សូម​ទាក់ទង លោក ស្រ៊ុន ពៅ តាម​រយៈ​ទូរស័ព្ទ​លេខ ០១២ ៥៨៧ ៧៦៧ និង​លេខ ០១៦ ៨៦៣ ២៣៣៕

More To Explore