តម្លៃជ្រូករស់នៅកម្ពុជារក្សាលំនឹងល្អក្នុងអំឡុងកូវីដ១៩រាលដាល

ភ្នំពេញ ៖ នៅក្នុងដំណាក់កាលផ្ទុះជំងឺកូវីដ ១៩នៅលើពិភពលោក បានធ្វើអោយប៉ះពាល់វិស័យជាច្រើន និងបាត់បង់ចំណូលពលរដ្ឋក៏មិនតិចដែរ ក៏ប៉ុន្តែសម្រាប់វិស័យចិញ្ចឹមជ្រូក នៅក្នុងប្រទេសកម្ពុជាវិញឃើញថា មានទីផ្សារល្អ ដោយតម្លៃជ្រូករស់និងសាច់ជ្រូកលើទីផ្សារបានរក្សាតម្លៃមួយខ្ពស់ ដែលធ្វើអោយកសិករអ្នកចិញ្ចឹមជ្រូកក៏ដូចជាក្រុមហ៊ុនចិញ្ចឹមជ្រូកតូចធំ បន្តសម្រុកចិញ្ចឹមផ្គត់ផ្គង់ ខណៈការនាំចូលពីប្រទេសជិតខាងត្រូវរឹតបន្តឹង ដើម្បីទប់ស្កាត់កូវីដ១៩

លោកលី ឡាវីល ប្រធានក្រុមប្រឹក្សាសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្នតម្លៃ និងទីផ្សារជ្រូករស់នៅក្នុងប្រទេសកម្ពុជា ឃើញថា មានស្ថេរភាពល្អ ក្នុងនោះទាំងការនាំចូលនិងការចិញ្ចឹមក្នុងស្រុកក៏មានភាពស៊ីចង្វាក់គ្នា គឺអ្នកនាំចូល មិននាំច្រើនលើសពីតម្រូវការ ដូច្នេះធ្វើអោយអ្នកចិញ្ចឹមក្នុងស្រុកក៏អាចរស់បាន ។

លោកបន្តថា សព្វថ្ងៃ តម្រូវការជ្រូកលើទីផ្សារក្នុងប្រទេសទាំងមូលមានប្រមាណ ៧០០០ទៅ៨០០០ក្បាលក្នុងមួយថ្ងៃ ក្នុងនោះការផ្ដល់ជូនពីក្រុមហ៊ុនផ្គត់ក្នុងស្រុកនិងពីកសិករ មានប្រមាណពី៥០ទៅ៦០ភាគរយ ពេលខ្លះអាចបានពី៦០ទៅ ៧០ភាគរយ ដោយនាំចូលប្រមាណពី៣០០០ទៅ៤០០០ក្បាលក្នុងមួយថ្ងៃ ។ បច្ចុប្បន្ននេះ កម្ពុជាបាននាំចូលជ្រូកពីប្រទេសថៃតែមួយនោះទេ ដោយកាលពីមុនគឺនាំចូលពីប្រទេសវៀតណាម ក៏ប៉ុន្តែនៅពេលវៀតណាមជួបនឹងជំងឺ កាលពីកន្លងធ្វើអោយជ្រូកនៅវៀតណាមខូចនិងកំទេចចោលច្រើន ធ្វើអោយជ្រូកនៅវៀតណាមឡើងថ្លៃខ្ពស់ ដូច្នេះហើយទើបឈ្មួញ បានបង្វែរការនាំចូលពីវៀតណាមទៅនាំពីប្រទេសថៃ មកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជាវិញ ។

លោកបានបន្ថែមថា បើតាមការការសង្កេតទៅលើសកម្មភាពជាក់ស្ដែងមន្ត្រី រាជរដ្ឋាភិបាលនិងវិស័យឯកជន ឃើញថាទៅថ្ងៃខាងមុខ កម្ពុជា នឹងអាចគ្រប់គ្រងបាននូវទីផ្សារនិងតម្លៃល្អបែបនេះបន្តទៀត ពីព្រោះ ខាងអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ ក៏ហាក់មានការយល់គ្នាជាមួយវិស័យឯកជន ទាស់តែក្រុមអ្នកនាំចូលទេ ដែលចង់អោយមានការនាំចូលច្រើន ក៏ប៉ុន្តែមិនទាន់ត្រូវបានស្វាគមន៍ពីខាងអគ្គនាយកដ្ឋាន និងរាជរដ្ឋាភិបាលនៅឡើយ ។លោកថា អ្នកនាំចូល ចង់នាំចូលច្រើន ក៏ប៉ុន្តែពួកគេមិនយល់ពីអ្នកចិញ្ចឹមក្នុងស្រុក ព្រោះថាបើនាំចូលកាន់តែច្រើន នឹងសម្លាប់អ្នកចិញ្ចឹមជ្រូកក្នុងស្រុកកាន់តែច្រើន ហើយក៏មិនដឹងពីសុវត្ថិភាពនៃជ្រូកនាំចូលនោះ កម្រិតណានោះដែរ ដូច្នេះហើយ ការកម្រិតបរិមាណ នាំចូលជាអាទិភាពទី២បន្ទាប់ពីអ្នកក្នុងស្រុក គឺជាកត្តាសំខាន់ណាស់ ដើម្បីជួយអ្នកនៅក្នុងស្រុក ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមចិញ្ចឹមសត្វរូបនេះបន្ថែមថា បច្ចុប្បន្ន អ្នកចិញ្ចឹមជ្រូកអាចចាប់ផ្ដើមចិញ្ចឹមឡើងវិញបានហើយ ក៏ប៉ុន្តែលោកថាគួរតែចិញ្ចឹមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីបង្កា ការឆ្លងជំងឺនៅពេលណាមួយដោយមិនដឹងមុន ។

កសិករចិញ្ចឹមជ្រូកមួយរូបនៅខេត្តស្វាយរៀង បានអោយដឹងផងដែរថា បច្ចុប្បន្ននេះ លោកអាចរកប្រាក់ចំណេញវិញ បានខ្លះហើយ បន្ទាប់ពីលោកបានខាតច្រើនកាលពីអំឡុងកម្ពុជាជួបប៉េសជ្រូកអាហ្វ្រិក ហើយកាលនោះគឺពលរដ្ឋកម្ពុជាភាគច្រើនមិនហ៊ានបរិភោគសាច់ជ្រូកនោះទេ ព្រោះតែខ្លាចជំងឺ ខណៈមន្ត្រីជំនាញអះអាងថាវាមិនឆ្លងមកមនុស្សក្ដី ។
អ្នកចិញ្ចឹមជ្រូករូបនេះ បានបន្តថា បើសិនជាស្ថានភាពទីផ្សារនិងតម្លៃជ្រូករស់បានល្អប្រសើរដូចពេលនេះ គឺ ជាការល្អណាស់ ហើយវានឹងជំរុញដល់ចង្វាក់ផលិតកម្ម ការផ្គត់ផ្គង់សាច់ជ្រូកលើទីផ្សារពីសំណាក់ផលិតផលក្នុងស្រុកនឹងកាន់តែច្រើនហើយអាចគ្រប់គ្រាន់នៅពេលខាងមុខជាក់ជាមិនខាន ៕

ប្រភព mekong-pos

More To Explore