សត្វ​ជ្រូក​​ជាង​១០០​ក្បាល​ត្រូវ​បាន​ដុត​កម្ទេច​ចោល​​ ក្រោយ​រក​ឃើញ​មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​

មន្ត្រីជំនាញកសិកម្ម បានសម្រេច​ដុតកម្ទេចចោលនូវ​សត្វ​ជ្រូកចំនួន១០២ក្បាល នៅស្រុកបាទី ខេត្តតាកែវ ក្រោយរកឃើញថា សត្វជ្រូកដែលនាំចូល​ដោយខុសច្បាប់​ពីក្រៅប្រទេសនោះ មានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក។

អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ លោក តាន់ ផាន់ណារ៉ា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១ ខែមេសានេះថា សត្វជ្រូកដែលដុតបំផ្លាញជាង១០០ក្បាល ​នៅខេត្តតាកែវនេះ ជាជ្រូកដែលក្រុមឈ្មួញនាំចូលពីប្រទេស​ថៃដោយខុស​ច្បាប់ ហើយ​ដឹក​ឆ្លងកាត់ទឹកដីប្រទេសឡាវ ចូលមកកម្ពុជាតាមច្រក​ព្រំដែនក្នុង​ខេត្តស្ទឹងត្រែង។ ​លោកបន្តថា វិធានការបង្ក្រាបនេះប្រើរយៈពេលពីរថ្ងៃទម្រាំចាប់បានបទល្មើស។

លោកបន្ថែមថា កម្ពុជាកំពុងតែពង្រឹងវិធានការទប់ស្កាត់​ការនាំចូលផលិតផលកសិកម្មចូលពីបរទេស ដោយ​បង្កើនផលិតផលក្នុងស្រុកឱ្យបានល្អប្រសើរឡើងវិញ។

លោក តាន់ ផាន់ណារ៉ា បញ្ជាក់ថា៖ «ហើយនេះជាអ្វីដែលខ្ញុំបានតែងតែគិត ក្រើនរំឭកដល់អ្នកជំនាញ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ជួយសហការក្នុងការទប់ស្កាត់ការនាំចូលជ្រូកដែលខុសច្បាប់នេះ»។

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ កាលពីម្សិលមិញ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានបង្ក្រាបករណីនាំចូលដោយខុសច្បាប់​នូវ​​សត្វជ្រូកចំនួន៣៨ក្បាលដែលមានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះផងដែរ។

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មដដែល ថាបញ្ហានេះកន្លងមក ក្រសួងបានស្រាវជ្រាវរក​ឃើញមានឈ្មួញរកស៊ីខុសច្បាប់បានចំនួន​៧នាក់ហើយ ប៉ុន្តែលោកមិនបានបញ្ជាក់​ថា ​នឹងមានវិធានការបែបណាចំពោះជនល្មើសទាំងនោះនៅឡើយទេ។  ​

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងកសិកម្មបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយប្រាប់ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការឆ្លង​ជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្រោយខ្លួនរកឃើញសត្វជ្រូកដែលនាំចូលពីប្រទេសថៃមានកើតជំងឺនេះ ហើយត្រូវបានអាជ្ញាធរ​ខេត្តបន្ទាយមានជ័យបង្ក្រាបបាន។

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨ ក្នុង​ប្រទេស​ចិន ​បាន​រីក​រាលដាល​ដល់​ប្រទេស​វៀតណាម ​នៅ​ដើម​ឆ្នាំ២០១៩ និង​បាន​ឆ្លង​ចូល​ដល់កម្ពុជា ក្នុងខេត្តចំនួន៥ រួមមាន ​ខេត្ត​រតនគិរី​ ខេត្ត​កំពង់ចាម ខេត្ត​តាកែវ ខេត្ត​ស្វាយ​រៀង និង​ខេត្ត​កណ្ដាល។

បើតាមមន្ត្រីក្រសួងកសិកម្ម សត្វជ្រូកជាង៤ពាន់ក្បាល បានងាប់និងត្រូវយកទៅកម្ទេចចោល​ក្នុងអំឡុងពេលមានការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រ្វិក កាលពីឆ្នាំ២០១៩នោះ ដោយខាតបង់គិតជាទឹកប្រាក់អស់ប្រមាណ៨០ម៉ឺនដុល្លារអាមេរិក៕​

ប្រភព​ VOD

More To Explore