ម៉ាឡេស៊ី នឹងសម្លាប់ចោលសត្វជ្រូកចំនួន ៣,០០០ក្បាល បន្ទាប់ពីរកឃើញជំងឺប៉េសជ្រូកអាហ្វ្រិក នៅក្នុងរដ្ឋ Sabah

Share on facebook
Share on twitter
Share on email

(គូឡាឡាំពួរ)៖ ប្រទេសម៉ាឡេស៊ីគ្រោងនឹងសម្លាប់សត្វជ្រូកព្រៃ និងសត្វជ្រូកស្រុកចំនួន ៣,០០០ក្បាល បន្ទាប់ពីការផ្ទុះឡើងនៃជំងឺប៉េសជ្រូកអាហ្រ្វិក(African swine fever) នៅលើសត្វជ្រូកព្រៃនិងសត្វជ្រូកចញ្ចឹមនៅក្រោយផ្ទះ ក្នុងរដ្ឋសាបា (Sabah) ដែលស្ថិតនៅលើកោះ ប័រណេអូ (Borneo) កាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១។

បើតាមការជូនដំណឹងរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ទី២៦ ខែកុម្ភៈកន្លងទៅនេះ បានឲ្យដឹងថា ជំងឺប៉េសជ្រូកអាហ្វ្រិកនេះត្រូវបានគេរកឃើញនៅលើសត្វជ្រូកយ៉ាងហោចណាស់ ៣០០ក្បាលនៅក្នុងស្រុកចំនួន ៣ គឺស្រុក Pitas ស្រុក Kota Marudu និងស្រុក Beluran បន្ទាប់ពីមានករណីពាក់ព័ន្ធនឹងការស្លាប់របស់សត្វជ្រូកព្រៃមួយក្បាល កាលពីខែកុម្ភៈកន្លងទៅនេះ ហើយវាជាការរកឃើញជាលើកដំបូងបង្អស់នៃជំងឺនេះនៅក្នុងប្រទេសម៉ាឡេស៊ី។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងកសិកម្មម៉ាឡេស៉ីលោក Jeffrey Kitingan បាននគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យម្សិលមិញថា សត្វជ្រូកចំនួន ២២ក្បាលហើយត្រូវបានសម្លាប់ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ។

លោក Kitingan បានលើកឡើងយ៉ាងដូច្នេះថា «គេប៉ាន់ប្រមាណថា មានសត្វជ្រូកប្រមាណ ២ពាន់ក្បាលនៅស្រុក Pitas និងសត្វជ្រូកព្រៃប្រហែល ១ពាន់ក្បាលទៀតនៅចម្ងាយពីគ្នាប្រហែល ៥០គីឡូម៉ែត្រ ដែលនឹងត្រូវសម្លាប់ជាបន្តបន្ទាប់»

គួរបញ្ជាក់ថា ជំងឺប៉េសជ្រូកអាហ្រ្វិក ដែលបានបណ្តាលឱ្យងាប់សត្វជ្រូកជាច្រើនក្បាលនេះ បានបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ស្តុកចំណីអាហារ ប៉ុន្តែជំងឺនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕

ប្រភព​ freshnewsasia.

More To Explore