មន្ត្រីជំនាញកសិកម្ម បានសម្រេចដុតកម្ទេចចោលនូវសត្វជ្រូកចំនួន១០២ក្បាល នៅស្រុកបាទី ខេត្តតាកែវ ក្រោយរកឃើញថា សត្វជ្រូកដែលនាំចូលដោយខុសច្បាប់ពីក្រៅប្រទេសនោះ មានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក។
អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក តាន់ ផាន់ណារ៉ា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១ ខែមេសានេះថា សត្វជ្រូកដែលដុតបំផ្លាញជាង១០០ក្បាល នៅខេត្តតាកែវនេះ ជាជ្រូកដែលក្រុមឈ្មួញនាំចូលពីប្រទេសថៃដោយខុសច្បាប់ ហើយដឹកឆ្លងកាត់ទឹកដីប្រទេសឡាវ ចូលមកកម្ពុជាតាមច្រកព្រំដែនក្នុងខេត្តស្ទឹងត្រែង។ លោកបន្តថា វិធានការបង្ក្រាបនេះប្រើរយៈពេលពីរថ្ងៃទម្រាំចាប់បានបទល្មើស។
លោកបន្ថែមថា កម្ពុជាកំពុងតែពង្រឹងវិធានការទប់ស្កាត់ការនាំចូលផលិតផលកសិកម្មចូលពីបរទេស ដោយបង្កើនផលិតផលក្នុងស្រុកឱ្យបានល្អប្រសើរឡើងវិញ។
លោក តាន់ ផាន់ណារ៉ា បញ្ជាក់ថា៖ «ហើយនេះជាអ្វីដែលខ្ញុំបានតែងតែគិត ក្រើនរំឭកដល់អ្នកជំនាញ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ជួយសហការក្នុងការទប់ស្កាត់ការនាំចូលជ្រូកដែលខុសច្បាប់នេះ»។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ កាលពីម្សិលមិញ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានបង្ក្រាបករណីនាំចូលដោយខុសច្បាប់នូវសត្វជ្រូកចំនួន៣៨ក្បាលដែលមានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះផងដែរ។
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មដដែល ថាបញ្ហានេះកន្លងមក ក្រសួងបានស្រាវជ្រាវរកឃើញមានឈ្មួញរកស៊ីខុសច្បាប់បានចំនួន៧នាក់ហើយ ប៉ុន្តែលោកមិនបានបញ្ជាក់ថា នឹងមានវិធានការបែបណាចំពោះជនល្មើសទាំងនោះនៅឡើយទេ។
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងកសិកម្មបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយប្រាប់ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្រោយខ្លួនរកឃើញសត្វជ្រូកដែលនាំចូលពីប្រទេសថៃមានកើតជំងឺនេះ ហើយត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យបង្ក្រាបបាន។
ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងកាលពីខែសីហា ឆ្នាំ២០១៨ ក្នុងប្រទេសចិន បានរីករាលដាលដល់ប្រទេសវៀតណាម នៅដើមឆ្នាំ២០១៩ និងបានឆ្លងចូលដល់កម្ពុជា ក្នុងខេត្តចំនួន៥ រួមមាន ខេត្តរតនគិរី ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តស្វាយរៀង និងខេត្តកណ្ដាល។
បើតាមមន្ត្រីក្រសួងកសិកម្ម សត្វជ្រូកជាង៤ពាន់ក្បាល បានងាប់និងត្រូវយកទៅកម្ទេចចោលក្នុងអំឡុងពេលមានការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រ្វិក កាលពីឆ្នាំ២០១៩នោះ ដោយខាតបង់គិតជាទឹកប្រាក់អស់ប្រមាណ៨០ម៉ឺនដុល្លារអាមេរិក៕
ប្រភព VOD